ប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ៣០០ គ្រួសារក្នុងក្រុងព្រៃវែងទទួលបានអំណោយដ៏ថ្លៃថ្លាពីលោកជំទាវ ញ៉ែម សាខន ស ខេង

ខេត្តព្រៃវែង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២–

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ ញ៉ែម សាខន ស ខេង រួមជាមួយនឹងឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រចំនួន ៣០០ គ្រួសារ ដែលមកពីសង្កាត់ចំនួន ៤ នៅក្នុង ក្រុងព្រៃវែង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះឡើយ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា នៅក្នុងខេត្តព្រៃវែងនេះថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងខេត្តព្រៃវែងនេះធ្វើយ៉ាងណាដើម្បីបង្ករភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនោះខេត្តព្រៃវែងក៏បានបំបែកនៅឯកត្តកម្មទូកដែលវែងជាងគេនៅលើពិភពលោក ឈ្មោះថា (កម្ពោជិកតុត្តាខេមរាតរី) ឲ្យមហាជន ក៏ដូចជាពិភពលោកបានស្គាល់ និងបានឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។ ហើយមិនតែប៉ុណ្ណោះទេ ថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដែលមានមនុស្សចូលរួមប្រមាណជាង ៣៨ ម៉ឺននាក់ ដែលបានចូលរួម រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយកាលពីឆ្នាំកន្លងទៅនោះ។ ទាំងអស់នេះគឺសរបញ្ជាក់ឲ្យឃើញថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បាននឹងខិតខំយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជាយើងនេះផងដែរ។

ក្នុងនោះដែរ ឯកឧត្តម ក៏អំពាវនាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចាក់វ៉ាក់សាំង ដូសទី ១ ដូសទី ២ រួច សូមបន្តទៅចាក់ដូសទី ៣ បន្តទៀត ហើយចំពោះបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 និងសូមឲ្យបងប្អូនត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញគឺ ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន។

ក្នុងនោះដែ ឯកឧត្តម ក៏បានផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ម្នាក់ទទួលបាន អង្ករ, ទឹកសុទ្ធ, មី, ត្រីខ, ទឹកត្រី,ទឹកស៊ីអ៊ីវ, និងថវិកាមួយចំនួនផងដែរ។

នៅក្នុងឱកាសនៃការអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយដ៏ថ្លៃថ្លាជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ៣០០ គ្រួសារ នោះ លោកជំទាវ ញ៉ែម សាខន ស ខេង នឹងឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ជា សុមេធី អភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ បានរៀបចំពិធីក្រុងពាលី ចុះបឋមសិលាសាងសង់រោងសម្រាប់តម្កល់ទូកដែលវែងជាងគេនៅលើពិភពលោកដែលមានឈ្មោះថា(កម្ពោជិកតុត្តាខេមរាតរី) តម្កល់ទុកនៅខាងមុខសាលាខេត្តព្រៃវែង សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងអញ្ជើញមកទស្សនាកំសាន្ត និងជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ ឲ្យគាត់បានដឹង និងបានស្គាល់ថាទូកដែលវែងជាងគេនៅលើពិភពលោកគឺនៅក្នុងខេត្តព្រៃវែងនេះ៕សម្រួលដោយ ទៀង បុណ្ណរី

   

អត្ថបទដែលជាប់ទាក់ទង