គណៈកម្មាធិការ​គោលន​យោ​បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យ​អនុវត្តជា​ផ្លូវការ​នូវ«យុ​​ទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» តាម​ប្រ​​ព័ន្ធវីដេអូ

ភ្នំពេញ ថ្ងៃទី២១ខែមីនា ឆ្នាំ២០២២–

ដោយទទួលបាននូវការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់របស់ ​សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការ​គោលន​យោ​បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២២នេះ​ បានរៀ​ប​ចំ​​ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជា​ផ្លូវការ​នូវ«យុ​​ទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត​ស្បែ​កជើង និងកាបូបនៅកម្ពុជា ២០២២-២០២៧» តាម​ប្រ​​ព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប​ស់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧ​ប​​​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និ​ងហិរញ្ញវត្ថុ និង​ជា​ប្រធានគណៈកម្មាធិការ​គោលន​យោ​បាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និង​តំណាងក្រសួ​ង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ស​មាគ​ម​ជាតិ-អន្តរជាតិ, សហជីព, ម្ចាស់រោងចក្រ, ម្ចាស់ម៉ាកផ​លិ​តផល និងអ្នកបញ្ជាទិញ ផងដែរ។

ដោយផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រាក់ឈ្នួលនិងថ្លៃផលិតកម្មប្រកួតប្រ​ជែង ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល ដែលជាឧត្ត​ម​​ភា​ពប្រកួតប្រជែងដ៏រឹងមាំរបស់កម្ពុជា, វិស័យកាត់ដេរ ផលិត​ស្បែកជើង និងកាបូបបានរីកច​​ម្រើនគួរឱ្យកត់សម្គាល់ និងបានក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់​។

ជាក់ស្តែង ចា​​​ប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៨, ការនាំចេញនៃវិស័យនេះ បា​ន​​រួ​​មចំ​ណែ​​ក​ក្នុងទំហំប្រមាណជាង​៩៥% នៃការនាំចេញសរុបរបស់កម្ពុជា និង​នៅតែរក្សាបានក្នុងកម្រិ​​ត​ខ្ពស់ ពោលគឺជាមធ្យមជាង ៧០% នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ មកទល់នឹ​ង​​ប​ច្ចុប្ប​ន្ន ខណៈដែលកម្ពុជាបាននិង​កំពុង​ធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត​ ដូចជា​កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿង បង្គុំអេឡិចត្រូនិក ជាដើម។

ថ្វីបើវិស័យនេះត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់, រចនាសម្ព័ន្ធនៃវិស័យនេះក្នុងរយៈពេលជិត៣ទ​សវ​ត្ស​រ៍កន្លងមក​ មិនទាន់មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយនៅតែជាមជ្ឈមណ្ឌលផលិតកម្មមា​នតម្លៃបន្ថែមទាប ហើយសមាហរណកម្មនៃឧស្សាហកម្មគាំទ្រនៅក្នុងដំណើរការផ្សេងទៀតនៃ​ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៅមានកម្រិត។ ជាមួយគ្នានេះ​ និន្នាការ និងការវិវត្តសំខា​ន់ៗក្នុងវិស័យនេះបានលេចឡើង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ទាំងក្នុងក​ម្រិ​តគោលនយោបាយ និងកម្រិតប្រតិបត្តិការ ជាពិសេស លើ​កិច្ចគាំពារបរិស្ថាន ឬចីរភាពបរិ​ស្ថា​ន។ ជាក់ស្តែង, ការទទួលខុសត្រូវលើកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ជាពិសេស កា​រ​ជំ​រុញការប្រើប្រាស់ថាមពល កកើតឡើងវិញនៅក្នុងដំណើរការផលិតកម្ម កំពុងទទួលបានកា​រយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកបញ្ជាទិញ និងប្រទេសនានា​ ដែលជាទីផ្សារនាំចេញរប​ស់​កម្ពុជា។​

ទន្ទឹមនេះ, ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩ និងការ បន្ទច់បង្អាក់មកលើខ្សែ​សង្វាក់ផលិតកម្ម និងខ្សែសង្វាក់តម្លៃរបស់តំបន់ និងសកល នាពេលថ្មីៗនេះ បានវិវត្តន៍ក្លាយជា​បញ្ហាប្រឈម និង​សម្ពាធ​បនែ្ថម ដល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅកម្ពុជា។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញពីសារៈសំខាន់និងភាពចាំបាច់ ក្នុងការរៀបចំ និ​ង​ដាក់ឱ្យ អនុវត្តនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២​០២២-២០២៧» សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅនិងវិធានការជាយុទ្ធសា​ស្រ្ត ដើម្បីបន្តពង្រឹងនិងគ្រប់គ្រងការអភិវឌ្ឍ វិស័យនេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិ​ត​ក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈមនិងកាលានុវត្តភាពព្រមទាំងឆ្លើយតបទៅនឹងកា​រប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់និងពិភពលោក។

ក្នុងន័យនេះ តាមរយៈការអ​នុ​វត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅ​​កម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោ​​តលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋា​នគាំទ្រពិធីកម្មសេដ្ឋកិច្ចនៅមុនបំណាច់ឆ្នាំ ២០២៧។

ជាចុងក្រោយ រាជរដ្ឋាភិបាលជឿជាក់ថា ការអនុវត្តយុទ្ធសាស្រ្តនេះនឹងចូលរួមចំណែកដោះស្រា​យ​បញ្ហាប្រឈម​ជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុ​​ញការអភិវឌ្ឍនៃវិស័យកាត់ដេរ​ ក៏ដូចជា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភា​ព​និងបរិយាប័ន្ន។ យុទ្ធសាស្ត្រនេះក៏នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និ​ង​ជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រ​ជា​ជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរឆ្នាំ ២​០​៣​០និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ផងដែរ៕សម្រួលដោយលោក ទៀង បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង