កំណាយស្រាវជ្រាវទួលឡ TDCK7a ក្រុមឡទ្វារដីឆ្នាំងនៃអង្គរធំ រកឃើញសំណល់រចនាសម្ពន្ធឡដុតភាជន៍ ដែលមានរចនាសម្ពន្ធដូចគ្នាទៅនិងឡ TDCK1
ខេត្តសៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
ក្រុមបុរាណវិទ្យា នៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបន្តការសិក្សា និងបញ្ចប់ការធ្វើកំណាយស្រាវជ្រាវឡដុតភាជន៍ ប្រើប្រាស់ប្រចំាថ្ងៃ នៃសហគមន៍ស្មូនបុរាណនៅឡទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។
លោក ទិន ទីណា អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះថា កាលពីចុងឆ្នាំ២០១៩កន្លងទៅ ក្រុមការងារមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារ អង្គរបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ក្នុងគោលបំណងបញ្ជាក់ឱ្យច្បាស់ថា ទួលនេះ ជាឡដុតភាជន៍សម័យបុរាណឬយ៉ាងណា? តាមរយៈលទ្ធផលកំណាយ ក្រុមការងារ បានរក ឃើញរចនាសម្ពន្ធឡដុតភាជន៍ក្នុងសីតុណ្ហភាពទាប ដូចជា ឆ្នាំង ក្អម ក្រឡ និងក្បឿង។ល។
លោកបានបន្តទៀតថា យោងលើលទ្ធផលស្រាវជ្រាវ ដែលជាមូលដ្ឋានទិន្នន័យមួយ យ៉ាងសំខាន់ដែលអាចបញ្ជាក់បានថា នៅលើទំនប់ស្ថិតនៅជ្រុងភាគពាយព្យខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ មានឡដុតភាជន៍សម័យបុរាណពិតប្រាកដមែន ដូច្នេះហើយទើបក្រុមការងារ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានបន្តស្រង់ទិន្នន័យបណ្តុំ ឡដុតភាជន៍ និងបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ(G.P.S)នៅទីតាំងទ្បទ្វារដីឆ្នាំង នៃក្រុងអង្គរធំ ដើម្បីកំណត់ពីវិសាលភាពស្ថានីយ កំណត់ចំនួនទួលទ្ប និងបែងចែកក្រុម ទួលឡ។ល។
ជាលទ្ធផលយើងអាចកំណត់បានថា បណ្តុំទួលឡដុតភាជន៍នៅក្រុមឡទ្វារដី ឆ្នាំងនៃអង្គរធំ មានទួលឡសរុបចំនួន២៤ និងចែកចេញជា១១ក្រុម។លោកបន្តថា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២២មក ក្រុមការងារបានជ្រើសយកទួល មាន លេខសម្គាល់ TDCK7a ក្នុងក្រុមទី៧ ដើម្បីធ្វើកំណាយស្រាវជ្រាវ។ គោលគំនិត នៃការធ្វើ កំណាយស្រាវជ្រាវទួលឡនេះ គឺដើម្បីសិក្សាបន្ថែមពីរចនាសម្ព័ន្ធឡផ្សេងៗទៀត នៅក្នុង បរិវេណឡទ្វារដីឆ្នាំង ថាតើមានទម្រង់ដូចឡTDCK1(ទួលត្រពាំងបុស្ស) ដែរឬទេ និងដើម្បី ឈ្វេងយល់ពីការប្រាស័យទាក់ទងគ្នារបស់ក្រុមស្មូននៅទ្បទ្វារដីឆ្នាំង។លោកបន្តថា រហូតមកដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២២នេះ ជាលទ្ធផលនៃ កំណាយស្រាវជ្រាវ បានរកឃើញសំណល់រចនាសម្ព័ន្ធឡដុតភាជន៍ ដែលមានរចនាសម្ព័ន្ធដូច គ្នាទៅនិងឡ TDCK1 ប៉ុន្តែមានលក្ខណៈខុសប្លែកត្រង់ថា នៅលើទួល TDCK1 មានឡ តែមួយចំណែកឡនៅលើទួល TDCK7a រកឃើញមានឡចំនួន៤ មានចរន្តភ្លើងរត់ពី ក្រោម ឡើងទៅលើដូចចង្រ្កាន ហើយយោងតាមលទ្ធផលស្រាវជ្រាវបានបញ្ជាក់ថា ឡទាំងនោះចំនួន ២ ឬ៣ អាចដុតដំណាលគ្នាក្នុងពេលតែមួយ។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍ អង្គរនៃ មជ្ឈមណ្ឌល ស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរបានឱ្យដឹងថា ក្នុងចំណោម ឡដុតកុលាលភាជន៍ ទាំង៤ នៅទួល TDCK7a នេះ មិនមែនមានទំហំធំទាំងអស់ទេ ដោយឡខ្លះ មានអង្កត់ផ្ចិត កម្ពស់ត្រឹមតែ១ម៉ែត្រកន្លះ និងខ្លះទៀតមានទំហំដូចគ្នានិងឡនៅទួល TDCK1 មានប្រវែងមុខ កាត់២ម៉ែត្រ២តឹក និងបណ្ដោយ៣ម៉ែត្រ។ ដែលអាចសន្និដ្ឋានបានថា ជារចនាសម្ព័ន្ធឡ បុរាណមួយ ដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅចុងសតវត្សរ៍ទី១៣ និងបញ្ចប់នៅដើម សតវត្សរ៍ទី១៥៕ សម្រួលដោយលោក ទៀង បុណ្ណរី