សង្គ្រាម​នៅ​អ៊ុយក្រែន​បានអូសបន្លាយ​ឈាន​ចូល​ដល់​ថ្ងៃទី​២៣​ ហើយ​រុស្ស៊ី​នៅ​តែបន្ត​ការវាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ទៅលើ​អ៊ុយក្រែន​មាន​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ និង​វាយ​ស្មើជើងដើម្បីដណ្តើម​កាន់កាប់​មូលដ្ឋាន​ទ័ព​របស់​អ៊ុយក្រែន​ជាដើម​។ ខណៈ​ដែល​សង្គ្រាម​អ៊ុយក្រែន​នៅ​បន្ត​យ៉ាង​ក្តៅគគុក​ លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​ នឹង​ជជែក​គ្នា​តាម​ទូរសព្ទ​ជាមួយ​លោក​ស៊ី ជីនពីងអំពី​​អ៊ុយក្រែន​នៅ​ថ្ងៃសុក្រ​ ១៨មីនា ឆ្នាំ​២០២២នេះ​។

 

ថ្ងៃ​សុក្រ​ ទី១៨ មីនា​ ឆ្នាំ​២០២២​នេះ​គឺ​ជា​ថ្ងៃ​ទី ២៣​ហើយ​នៃ​សង្គ្រាម​អ៊ុយក្រែន។ បើទោះបីជារង​ទណ្ឌកម្ម​ដូចទឹកបាក់ទំនប់​ រងការ​ថ្កោសទោស​សឹង​ពី​គ្រប់ទិសទីក៏ដោយ​ លោកពូទីនប្រធានាធិតីរបស់រុស្ស៊ី​​​នៅតែ​ក្រាញ​ននៀល​បន្ត​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ប្រទេស​អ៊ុយក្រែន​ដដែល​។

បើយោងតាមការប៉ាន់ស្មាន​របស់​មន្ទីរបញ្ចកោណ​អាមេរិក កងទ័ព​រុស្ស៊ីបាន​បាញ់​មីស៊ីលជាងពាន់ហើយ​ទៅលើអ៊ុយក្រែន​ចាប់តាំង​ពី​សង្រ្គាម​ចាប់​ផ្តើម​មក។ មិនតែ​ប៉ុណ្ណោះ​ ទីក្រុងមូស្គូ​ថែមទាំងបាន​ពង្រីក​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាសកាស​ដោយ​ឥត​សំចៃឡើយ​ទៅលើទីតាំង​កាន់តែ​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ទាំងមូល​។ បើតាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ​អ៊ុយក្រែន​ នៅព្រឹកថ្ងៃសុក្រនេះ​ កងទ័ពរុស្ស៊ី​ថែមទាំង​បាន​បាញ់​មីស៊ីល​វាយ​សំដៅ​តំបន់​ក្បែរ​អាកាសយានដ្ឋាន​ក្នុងទីក្រុង​លីវី​ (Lviv)ទៀត​ផង​។

លីវី​គឺជាក្រុង​មួយ​ស្ថិត​នៅប៉ែក​ខាងលិច​អ៊ុយក្រែន​ និង​មាន​ចម្ងាយ​ប្រមាណ ៧០គីឡូម៉ែត្រ​ពីព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​។ ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្បែរ​ព្រលាន​យន្តហោះ​លីវី​មាន​ន័យថា​សង្គ្រាម​កាន់​តែដើរឆ្ពោះ​កៀក​ទៅជិត​ដល់​ទីក្រុង​ប្រវត្តិសាស្ត្រ​ភាគខាងលិច​អ៊ុយក្រែន​ ដែលជា​ជម្រក​សុវត្ថិភាព​មួយ​សម្រាប់​ជន​ស៊ីវិល​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធគ្នា​។

មកដល់​ម៉ោងនេះ​ នៅមិន​ទាន់​មាន​សេចក្តីរាយការណ៍ថា​មានអ្នកស្លាប់​និង​របួសប៉ុន្មាន​ទេ​ ហើយ​បុគ្គលិក​ជួយសង្គ្រោះ​វិញ​កំពុងមានវត្តមាននៅ​កន្លែង​កើត​ហេតុ​។ នេះ​បើតាម​ការ​បញ្ជាក់​ប្រាប់ពី​អភិបាល​ក្រុង​លីវី​។

ការ​វាយ​ឈ្លាន​ពាន​របស់រុស្ស៊ី​កំពុង​រុញ​ច្រាន​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​រត់ភៀស​ខ្លួន​ចេញពី​អ៊ុយក្រែន​។ ហើយមានមនុស្ស​ជាង​ ២លាននាក់ហើយ​ដែលបាន​ភៀស​ខ្លួន​ទៅ​កាន់​ប៉ូឡូញ ​ចាប់​តាំង​ពី​រុស្ស៊ី​បញ្ជូនកងទ័ពទៅវាយប្រហារអ៊ុយក្រែនមក​។

ជំនួប​តាម​ទូរសព្ទ​រវាង​លោក​ បៃដិន និង​លោក​ស៊ី​ផ្តោត​លើ​វិបត្តិ​អ៊ុយក្រែន

បើតាម​សេតវិមាន​អាមេរិក​ ជំនួប​តាមទូរសព្ទ​រវាង​លោក ចូ បៃដិន និងលោក ស៊ី ជីនពីង ធ្វើ​ឡើងដើម្បី​រក្សាចំណង​ទាក់ទង​រវាង​អាមេរិក ​និង​ចិន។ តែដោយសារ​សង្គ្រាមអ៊ុយក្រែន​នៅតែជា​បញ្ហាដ៏ក្តៅ​របស់​ពិភពលោក​នា​ពេលបច្ចុប្បននេះ​ ទើប​ជំនួប​តាម​ទូរសព្ទ​រវាង​ប្រមុខ​រដ្ឋ​​ទាំងពីរ​នឹង​ត្រូវ​ផ្តោត​ជាពិសេស​តែម្តងអំពីបញ្ហា​​អ៊ុយក្រែន​។

នេះ​គឺជាការហៅទូរសព្ទលើកដំបូង​របស់មេដឹកនាំទាំងពីរ​ចាប់តាំងពី​កិច្ច​ប្រជុំ​កំពូល​តាម​វីដេអូ​កាលពី​ខែវិច្ឆិកាមក​។ ជំនួបនេះ​ត្រូវបានគេមើលឃើញថា​ជាឱកាស​មួយ​ដែល​លោកបៃដិន​ និង​លោកស៊ី​អាចបង្ហាញពី​គោលជំហរ​របស់​ខ្លួន​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

ជំនួបថ្ងៃនេះ​គឺវាជាឱកាសមួយដែរ​សម្រាប់លោកប្រធានាធិបតីអាមេរិក​ចូ បៃដិន ក្នុងការវាយ​តម្លៃ​ពី​គោល​ជំហរ​របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីន អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​។ បើតាម​អ្នកស្រី​ ជែន សាគីដែលជា​អ្នកនាំពាក្យ​សេតវិមាន​ ការដោះដូរ​ពាណិជ្ជកម្ម​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់អន្តរជាតិ​ដែល​ជាប់គាំង​នឹងត្រូវយកទៅពិភាក្សា​ ប៉ុន្តែ​ចំណុច​ដែល​លោកបៃដិន​ចង់ផ្តោតសំខាន់មួយដែរ​គឺធ្វើយ៉ាងណា​ដើម្បីបង្ខំ​រុស្ស៊ីឲ្យដកកងទ័ព​ថយ​​ និង​ព្រម​បញ្ឈប់​សង្គ្រាម​នៅក្នុងទឹកដី​អ៊ុយក្រែន​។

ទាក់ទិន​ចំណុចនេះ​ បើតាមអ្នកវិភាគ អ្វីដែល​លោក បៃដិន ​គ្រោង​យក​ទៅ​និយាយ​ជាមួយ​មេដឹកនាំ​ចិនដែរនោះ​គឺ​ចង់​ព្រមាន​ចិន​កុំ​ឲ្យ​ជួយរុស្ស៊ី​។ ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់​បាន​គូស​បញ្ជាក់ហើយថា​ចិន​និង​ប្រទេស​ផ្សេងទៀត​មិនគួរចូល​ជួយ​រុស្ស៊ី​ឲ្យ​រួចគេចផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើយ​។

នៅគ្រាកន្លងមក​ អាមេរិកក៏​បាន​អះអាងរួច​ហើយ​ដែរ​ថានឹង​បន្ត​តាមដានមើល​ដើម្បី​ការពារ​កុំឲ្យ​ចិន​ក៏ដូចជាប្រទេស​ដទៃទៀត​ទៅ​ជួយ​សង្រ្គោះ​សេដ្ឋកិច្ច​រុស្ស៊ី​ និងថាបើ​ប្រទេសណាហ៊ាន​ប្រថុយ​រងការ​ដាក់ទណ្ឌកម្ម​ពី​លោកខាងលិច​ដើម្បីតែ​ជួយ​រុស្ស៊ី​ នោះ​ពួកគេ​នឹង​ទទួលបាន​ការ​ឆ្លើយតបយ៉ាងសក្តិសម​។

ចិន​កាន់តែ​ពិបាក​ក្នុងការ​ប្រកាន់​ជំហរ​កណ្តាល

មកទល់នឹងម៉ោងនេះ​ ខាងភាគីចិន​មិន​បាន​បង្ហើបប្រាប់​អ្វី​សោះ​ឡើយ​ជុំវិញ​ចំណុចដែលលោកស៊ី ជីនពីង ត្រៀមលើកយកទៅជជែកជាមួយលោក ចូ បៃដិន​។ ក៏ប៉ុន្តែចិន​ទំនង​ជា​មិន​ប្តូរ​ជំហរ​របស់ខ្លួន​ដែល​ចាប់​យក​ខាង​ណា​មួយ​ អត់​ខាង​ណាមួយ​ឡើយ​។

តាំង​ពី​ដើម​មក​ ចិនប្រកាន់ជំហរប្រយ័ត្នប្រយែងខ្លាំងណាស់​ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន​។ នៅពេលដែលអាមេរិក​និងសម្ព័ន្ធមិត្ត​ថ្កោលទោស​ប្រឆាំង​នឹង​ទង្វើ​របស់​រុស្ស៊ី​ និងបាន​នាំ​គ្នា​បញ្ជូន​ជំនួយ​យោធា​ទៅឲ្យអ៊ុយក្រែន​ ចិនឯណោះ​វិញ​បានបដិសេធមិនថ្កោសទោស​ក្រុងមូស្គូ​ឡើយ​។

មិនតែប៉ុណ្ណោះ​ ចិន​ធ្លាប់​ទាំង​បានស្តី​បន្ទោស​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ថា​បាន​ឃោសនា​បំប៉ោង​ព័ត៌មាន​មិនពិត​ និងជាដើមចម​បង្កើត​បញ្ហា​ទៀត​ផង​។ សកម្មភាព​របស់​ចិន​បែបនេះ​ធ្វើឲ្យ​ទីក្រុងវ៉ាស៊ីនតោន​បារម្ភថា​ចិនអាចងាកទៅ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ និង​ជំនួយ​យោធា​សម្រាប់​រុស្ស៊ី​។

យ៉ាងណក៏ដោយ​ ចិននៅ​តែ​បន្ត​ព្យាយាម​ប្រកាន់ជំហរកណ្តាល​ មិនគាំទ្រ​ខាង​ណាមួយ​ឡើយ​។ ទោះចិន​មិនព្រម​ថ្កោលទោស​រុស្ស៊ី​ដែលបើកប្រតិបត្តិសឹកលើអ៊ុយក្រែនក្តី ក៏​ចិន​បាន​ប្រកាស​គាំទ្រ​អធិបតេយ្យភាព​អ៊ុយក្រែនដែរ​។

ពាក់ព័ន្ធរឿងនេះ​ ​ទីប្រឹក្សាជំនាញ​កិច្ចការចិនម្នាក់​របស់​អតីត​ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និយាយថាស្ថិតក្រោមសម្ពាធខ្លាំងឡើងទាក់ទងសង្គ្រាមនៅអ៊ុយក្រែន ចិន ឥឡូវនេះ​កាន់តែ​ពិបាក​ក្នុងការ​មិន​ប្រកាន់ជំហរ​យក​ខាងណា​មួយ​ណាស់​៕ សម្រួលដោយ លោក ទៀង បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង