បរិការណ៍សន្តិភាពពេញលេញ ឯកភាពជាតិ និងស្ថិរភាព នយោបាយ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តទទួលបាននូវការរីកចំរើនលើគ្រប់វិស័យ

ស្ថិតក្នុងបរិការណ៍សន្តិភាពពេញលេញ ឯកភាពជាតិ និងស្ថិរភាព នយោបាយ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តទទួលបាននូវការរីកចំរើនលើគ្រប់វិស័យ និងឈានដល់ដំណាក់កាល នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចបានជាប្រទេសដែលមានកម្រិតចំណូលមធ្យម នាពេលដ៏ខ្លីខាងមុខ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានថ្លែងនៅក្នុងអង្គសិក្ខាសាលា ស្តីពីការបង្កើតផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ នៃគណ:កម្មការខេត្ត សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា ការបន្តពង្រីកទីក្រុង និងការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅតាមទីក្រុង បានជំរុញឱ្យកើនឡើងនូវកម្លាំងពលកម្មចំណាកស្រុក ពីជនបទមកកាន់ទីក្រុង ជាពិសេស ខណ:ដែលបរិការណ៍បងប្អូនប្រជាជនកម្ពុជា សម្បូរទៅដោយពលករវ័យក្មេងៗ ការបណ្តុះបណ្តាលវិជ្ជាជីវ: ជូនពលករទាំងនេះ អាចនឹងផ្ដល់ភាគលាភខ្ពស់ដល់កំណើនសេដ្ឋកិច្ច តាមរយ:ការធានាបាននូវការងារសមរម្យ ដែលអាចធ្វើឱ្យប្រសើរឡើងនូវជីវភាពថ្លៃថ្នូរ និងសុខុដុមរមនាក្នុងសង្គម។ លោក បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវ”គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ២០១៥- ២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមត្រូវឆ្នាំ២០២៥ សំដៅផ្លាស់ប្តូរពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារផងដែរ។

ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការអន្តរក្រសួង (គ.អ.ម.ក) បានលើកឡើងថា លេខាធិការដ្ឋាន នៃគណ:កម្មការអន្តរក្រសួង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត បង្កើតគណ:កម្មការរបស់ខ្លួន សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីឲ្យស្របទៅតាមយន្តការ នៃការអនុវត្តគោលនយោបាយនេះ។ អាស្រ័យដោយគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពទាមទារនូវកិច្ចសហការដោយមានការសម្របសម្រួលដ៏ទន់ភ្លន់រវាងវិស័យនានាជាប់ទាក់ទងទៅនឹងវិស័យមុខរបរ និងការងារ។ មានន័យថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើរតួតែម្នាក់ឯង ពិតជាមិនអាចទទួលរ៉ាប់រងអនុវត្តឱ្យទទួលបានជោគជ័យឡើយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ដូចយើងបានកំណត់នៅក្នុងតារាងម៉ាទ្រិក ដែលជាឧបសម្ព័ន្ធ នៃគោលនយោបាយនេះ មានក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធថ្នាក់ជាតិជាច្រើន ដែលត្រូវចូលរួមអនុវត្តអំពីករណីបែបនេះ ក៏តម្រូវឱ្យមាននៅថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត ដូចគ្នានេះដែរ។ ជាការពិតណាស់ មានសកម្មភាពមួយចំនួននៅក្នុងគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តស្រាប់ ដោយក្រសួង ស្ថាប័ន និងអង្គភាពនានា តាមរយ: នៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងបេសកកម្មរបស់សាមីអង្គភាពនីមួយៗ ព្រោះថាសកម្មភាពដែលត្រូវអនុវត្តនោះវាពិតជាមិនមែន ឬក៏មិនអាចដាច់ចេញពី សកម្មភាពដែលមាននៅក្នុងផែនការ នៃសាមីអង្គភាពនីមួយៗនោះទេ៕ កែសម្រួលដោយ លោក ទៀង បុណ្ណរី

,

 

អត្ថបទដែលជាប់ទាក់ទង