ការរំលោភសិទ្ធិកុមារនៅសហរដ្ឋអាមេរិកបានអូសបន្លាយពេលគឺជារឿងគួរឱ្យសោកស្ដាយបំផុត
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការរំលោភសិទ្ធិកុមារនៅក្នុងសហរដ្ឋអាមេរិកនោះ ដែលបានអូសបន្លាយពេលជាយូរមកហើយ គឺជារឿងដ៏ «គួរឱ្យព្រួយបារម្ភនិងគួរឱ្យសោកស្តាយបំផុត» ។
អ្នកនាំពាក្យ លោក Zhao Lijian បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការព្រួយបារម្ភរបស់ប្រទេសចិនចំពោះការរំលោភសិទ្ធិកុមារនៅសហរដ្ឋអាមេរិក នៅក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ដោយលើកឡើងពីស្ថិតិពាក់ព័ន្ធ លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឃុំខ្លួនកុមារអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤៥ ០០០នាក់កាលពីក្នុងឆ្នាំ២០២១។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងចំណោមកុមារចំណាកស្រុកចំនួន ២៦៦ ០០០នាក់ដែលត្រូវបានសហរដ្ឋអាមេរិកចាប់ឃុំខ្លួនដែលមានកុមារចំនួន ២៥ ០០០នាក់ត្រូវបានឃុំខ្លួនអស់រយៈពេលលើសពី ១០០ថ្ងៃ។
កន្លែងឃុំឃាំងពាក់ព័ន្ធទាំងនោះបានដំណើរការក្រោមការគ្រប់គ្រងដ៏ច្របូកច្របល់ជាមួយនឹងការរំលោភបំពានជាញឹកញាប់ ឲ្យធ្វើពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។ លោក Zhao Lijian បាននិយាយថា កុមារដែលត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងកំពុងមានរបួសផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។
លោកបាននិយាយបន្ថែមថា «វាកាន់តែគួរឱ្យសោកស្ដាយក្នុងការដែលដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបំបែកកុមារចំណាកស្រុកដោយបង្ខំចេញពីឪពុកម្តាយរបស់ពួកគេ ដែលបណ្តាលឱ្យមានការបែកបាក់គ្រួសារនៃជនចំណាកស្រុកជាច្រើន។ កុមារជាច្រើនមិនទាន់បានជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញនៅឡើយទេ»។
លោក Zhao Lijian បាននិយាយថា កុមារជាច្រើនបានធ្លាក់ខ្លួនរងគ្រោះដោយសារការបាញ់ប្រហារនៅក្នុងបរិវេណសាលា ដោយសារតែការរីកសាយភាយនៃកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក។
លោក Zhao Lijian បាននិយាយថា «ដោយក្រឡេកមើលកុមារដែលសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាននៅក្នុងសហរដ្ឋអាមេរិកនោះ គេមិនអាចសួរបានទេថា តើនៅលើផែនដីនេះ សិទ្ធិមនុស្សរបស់កុមារអាមេរិកនៅឯណា? ហើយតើពួកគេមានសេរីភាពពេញលេញដែរឬទេ?៕ប្រភពព័ត៍មានTNM TV ON LINE (សម្រួលដោយលោក ទៀង បុណ្ណរី)