អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាស្នើសុំជំនួយពីប្រទេសថៃលើដំណើរការនៃលទ្ធិប្រជាធិបតេយ្យ

TNM(បាងកក) ៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ខណៈស្ថានការណ៍នៅប្រទេសជិតខាងរបស់ថៃមួយនេះ កំពុងតែតានតឹងខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍។

លោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅក្នុងលិខិតរបស់លោក មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាបានស្នើសុំជំនួយពីប្រទេសថៃ ទៅលើដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទដើមសប្តាហ៍ បានប្រកាសថា រដ្ឋាភិបាលយោធាពេលនេះ គឺខុសពីរបបយោធាមុនៗ ហើយយោធាសន្យារៀបចំការបោះឆ្នោតឡើងវិញ តាមបែបលទ្ធិប្រជាធិបតេយ្យ ឲ្យបានឆាប់រហ័ស និងប្រគល់អំណាចទៅបក្សដែលឈ្នះឆ្នោត ដោយសេរី និងយុត្តិធម៌។

ឆ្លើយតបនឹងលិខិតខាងលើនេះ លោក ប្រាយុទ្ធ ឲ្យថ្លែងថា «ប្រទេសថៃតែងតែគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ។ តទៅមុខទៀត គឺអាស្រ័យទៅលើគាត់ (លោក មីន អោង ហ្លេង) ថាតើចង់ឃើញដំណើរការនោះ ទៅមុខដោយរបៀបណា»។ ទន្ទឹមនោះ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានរំលឹកផងដែរថា ប្រទេសថៃតែងតែគាំទ្រ ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ពេលនេះ គឺការរក្សាឲ្យបាននូវទំនាក់ទំនងល្អ ពីព្រោះវាអាចប៉ះពាល់ដល់ប្រជាជន, សេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន ជាពិសេសសម្រាប់អំឡុងពេលនេះតែម្តង។

សូមជម្រាបថា យោធាមីយ៉ាន់ម៉ាត្រូវបានលោកខាងលិច និងអង្គការសហប្រជាជាតិ (UN) ចោទប្រកាន់ថា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានចាប់លោកស្រី ព្រមទាំងថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាល ជាច្រើនរូបទៀតឃុំខ្លួន និងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង