ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន
(ក្រចេះ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃតី១៥ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឲ្យប្រជាជនរស់នៅបានសេចក្តីសុខ និងសុភមង្គល ហើយគ្រប់ភូមិស្រុកនៅទូទាំងប្រទេស ទទួលបានការបន្តអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព។ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សូមអរគុណចំពោះការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ឱកាសឈានទៅបន្តបម្រើ រែកពន់ និងសម្រេចភារកិច្ចជូនជាតិ និងប្រជាជនបន្ថែមទៀត។ បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ឯកឧត្តមថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋ ឲ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី និងជាក់ស្តែងក្នុងអាណត្តិភារកិច្ច ឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការ មានទស្សនវិស័យ និងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ លឿនរហ័ស និងមានមូលដ្ឋានច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងជ្រើសរើសយកវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺពិតជាបាននាំមកនូវភាពកក់ក្តៅលើការធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងវត្តព្រែកចំឡាក់ដ៏ចំណាស់មួយនេះ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកឆ្លូងខេត្តក្រចេះទាំងមូល ដោយទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជន នៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។ ដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរ អ្វីៗដែលត្រូវបានកសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះមានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែបយ៉ាង ហើយសង្គ្រាម និងជម្លោះបែកបាក់ ជាប្រភពនៃសេចក្តីវិនាសហិនហោច និងសោដនាដកម្មសម្រាប់ជាតិ និងប្រជាជនទោះជាកើតឡើងក្រោមហេតុផលអ្វីក៏ដោយ៕