ណាតូ ព្រមានរុស្ស៊ីថា ប្រើកម្លាំងពេញទំហឹង បើរុស្ស៊ីហ៊ានវាយប្រហារទឹកដីរបស់ខ្លួន
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានថា ប្រសិនបើរុស្ស៊ីបាញ់ប្រហារលើទឹកដីរបស់អង្គការណាតូ ប្លុកនេះនឹងឆ្លើយតបវិញដោយប្រើ “កម្លាំងពេញទំហឹង”។
លោក Sullivan និយាយថា វាជាមាត្រា៥របស់អង្គការណាតូ ដែលចែងថា ការវាយប្រហារលើសម្ព័ន្ធមិត្តណាតូមួយ នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងអស់។
លោកបានប្រាប់ CBS ថា “ប្រសិនបើមានការវាយប្រហារយោធាលើទឹកដីរបស់ណាតូមែននោះ វានឹងពាក់ព័ន្ធមាត្រា៥ ហើយយើងនឹងនាំយកកម្លាំងពេញលេញនៃសម្ព័ន្ធមិត្តណាតូ ដើម្បីឆ្លើយតប។ អ្វីដែលខ្ញុំនឹងនិយាយនោះគឺថា ប្រសិនបើរុស្ស៊ីវាយប្រហារ បាញ់ប្រហារលើទឹកដីណាតូ នោះសម្ព័ន្ធមិត្តណាតូនឹងឆ្លើយតបចំពោះរឿងនេះ”។
គួរបញ្ជាក់ថា ការព្រមាននេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបាញ់មីស៊ីលចំនួន៣០គ្រាប់ លើមូលដ្ឋានដែលប្រើដោយណាតូ មានចម្ងាយត្រឹមតែ២៤គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ និងជាទឹកដីរបស់ណាតូ៕