លោក ពូទីន៖ រុស្ស៊ីនឹងកាន់តែខ្លាំង ហើយទណ្ឌកម្មនឹងជះឥទ្ធិពលទៅលោកខាងលិចវិញ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទណ្ឌកម្មដែលដាក់ប្រឆាំងរុស្ស៊ីនឹងជះឥទ្ធិពលដល់ប្រទេសលោកខាងលិចវិញ រួមទាំងក្នុងទម្រង់នៃតម្លៃអាហារ និងថាមពលខ្ពស់ផងដែរ ហើយទីក្រុងមូស្គូនឹងដោះស្រាយបញ្ហារបស់ខ្លួន និងងើបឡើងវិញ កាន់តែខ្លាំងជាងមុន។

លោក ពូទីន និយាយថា មិនមានជម្រើសជំនួសអ្វីដែលរុស្ស៊ីហៅថាជា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយថា រុស្ស៊ីមិនមែនជាប្រទេសដែលអាចទទួលយកការសម្របសម្រួលអធិបតេយ្យភាពរបស់ខ្លួន សម្រាប់ប្រភេទនៃផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លីមួយចំនួនឡើយ។

លោកបានប្រាប់កិច្ចប្រជុំរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែមីនាថា “ទណ្ឌកម្មទាំងនេះ នឹងត្រូវដាក់ក្នុងករណីណាក៏ដោយ។ មានសំណួរ បញ្ហា និងការលំបាកមួយចំនួន ប៉ុន្តែកាលពីអតីតកាល យើងបានយកឈ្នះពួកគេ ហើយយើងនឹងយកឈ្នះពួកគេទៀត នាពេលបច្ចុប្បន្ននេះ”។

ទីក្រុងមូស្គូដែលជាអ្នកផលិតថាមពលដ៏សំខាន់ហើយផ្គត់ផ្គង់ឧស្ម័នមួយភាគបីរបស់អឺរ៉ុប នឹងបន្តបំពេញកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន ថ្វីបើរងសម្ពាធដោយការដាក់ទណ្ឌកម្មគ្រប់ជ្រុងជ្រោយ រួមទាំងការហាមឃាត់លើការទិញប្រេងរបស់សហរដ្ឋអាមេរិកក៏ដោយ។

លោកពូទីននិយាយថា​ “ពួកគេបានប្រកាសថា ពួកគេកំពុងបិទការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ទីផ្សារអាមេរិក។ តម្លៃ​នៅ​ទីនោះ​ថ្លៃណាស់ អតិផរណា​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​មក បាន​ឈាន​ដល់​កម្រិត​ជា​ប្រវត្តិសាស្ត្រ។ ពួកគេ​កំពុង​ព្យាយាម​បន្ទោស​លទ្ធផល​នៃ​កំហុស​ខ្លួន​ឯង​មក​លើ​យើងទាំងយើង​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​វា​ទាល់​តែ​សោះ”៕

អត្ថបទដែលជាប់ទាក់ទង