សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងសាលាបឋមសិក្សា និងវិទ្យាល័យ តេជោសែនត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រសួង-ស្ថាប័នជាតិ, ក្រុមប្រឹក្សា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើសេចក្តីការណ៍សង្ខេបជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីទាំងមូលជ្រាប ថា គម្រោងសាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយគម្រោងធំទី១ អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងភូមិភាគឦសាន ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្របដណ្តប់សេវាសុខភាពជាសកល ជាពិសេសជូនដល់ប្រជាជនដាច់ស្រយ៉ាល និងជនជាតិភាគតិច ដោយមិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។
នាឱកាសនោះ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ព្រោះជាមិត្តរូបមួយទៀតរវាង កម្ពុជា-ចិន។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះវិស្វករ និងបុគ្គលិកបច្ចេកទេស នៃប្រទេសចិន និងកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការបញ្ចប់គម្រោងនេះដោយទទួលបានជោគជ័យ។ ឯកឧត្តម បានសង្ឃឹមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ អាចដំណើរការបានល្អ ព្រមទាំងនឹងដើរតួនាទីត្រឹមត្រូវ ក្នុងការការពារអាយុជីវិត និងសុខភាពរបស់សាធារណៈរបស់ប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេច ពិតជាមានចិត្តសប្បាយរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា សម្ដេច ឯកឧត្តម-លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដ៏ទំនើប និងធំជាងគេ នៅតាមបណ្ដាជនបទរបស់ប្រទេសកម្ពុជា។
សម្ដេចតេជោ បានបន្ដទៀតថា ថ្ងៃនេះ កម្ពុជា បានទទួលសមិទ្ធផលថ្មីមួយទៀត ដែលបានកើតចេញពីផ្លៃផ្កា នៃទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាង កម្ពុជា-ចិន។ សម្ដេច បានបន្ថែមថា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងខេត្តជាប់ត្បូងឃ្មុំ និងខេត្តជិតៗនេះផងដែរ។
លើសពីនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ បានទទួលការយកចិត្តមទុកដាក់ខ្ពស់បំផុតពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ដើម្បីធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត ផ្នែកវិស័យសុខាភិបាលប្រទេសកម្ពុជា និងមិត្តភាពដ៏យូរអង្វែងបន្ថែមទៀតរវាង កម្ពុជា-ចិន។
សូមជម្រាបជូនដែរថា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕