ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី


នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែមីនា ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើនជាអាទិ៍ ការបណ្តុះបណ្តាលសិក្ខាកាមយោធិនកម្ពុជាតាម រយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី (Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើង
គោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។ ជាក់ស្តែងក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហប្រតិបត្តិការមួយចំនួនដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ (i) ការបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទេ្វភាគី ជាពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសន្តិសុខព័ត៌មានវិទ្យា, (ii) ការលើកកម្ពស់កម្រិតនៃទំនាក់ទំនងឱ្យកាន់តែខ្ពស់ឡើងជាងពេលបច្ចុប្បន្ន តាមការរយៈការសម្រេចឱ្យក្រុមការងារចាប់ផ្តើមពិនិត្យ និងសិក្សាអំពីការរៀបចំយន្តការ Army to Army Talks និង (iii) ការរួមគ្នាសំលឹងមើលកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមាន ដូចជាបញ្ហាជំងឺរាតត្បាតជាដើម ដោយបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅ
មក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង