បេឡារុស ព្រមានលោកខាងលិចថា ទណ្ឌកម្មអាចបង្ខំឱ្យរុស្ស៊ី ឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣
(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) បានព្រមានលោកខាងលិចថា ការដាក់ទណ្ឌកម្មជ្រុលហួសហេតុប្រឆាំងនឹងរុស្ស៊ី អាចនឹងបង្ខំឱ្យរុស្ស៊ីឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
លោក លូកាសឈិនកូ ដែលជាសម្ពន្ធមិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីន ធ្វើការព្រមានបែបនេះប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះពោលគឺក្នុងថ្ងៃតែមួយដែលលោក ពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធ នៅចំពោះមុខសកម្មភាពអមិត្តរបស់លោកខាងលិច។
ប្រធានាធិបតីបេឡារុសរូបនេះ បានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន, មានការលើកឡើងជាច្រើនពីការប្រឆំាងវិស័យធនាគារ, ឧស្ម័ន, ប្រេង និងប្រព័ន្ធ ហិរញ្ញវត្ថុសកល ឬប្រព័ន្ធទូតទាត់ថវិកាសកល (SWIFT) ហើយដែលទាំងនេះគឺអាក្រក់ជាងសង្រ្គាមទៅទៀត។ ព្រោះថាវាអាចនឹងបង្ខំឱ្យរុស្ស៊ី ឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣»។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បណ្ដាប្រទេសលោកខាងលិចនាំមុខដោយ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជាបន្តបន្ទាប់ ដោយថ្កោលទោស និងចាត់ទុកថាប្រតិបត្តិការយោធារបស់រុស្ស៊ី គឺជាទង្វើឈ្លានពានរដ្ឋឯករាជ្យមួយដូចជាអ៊ុយក្រែន និងបំពានច្បាប់អន្តរជាតិ៕