ក្រុមហ៊ុន Opennet នឹងត្រូវបិទជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយ ដោយសារបំណុលជាង៦លានដុល្លារ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិច (តេឡេក្រាម) នៅថ្ងៃសុក្រនេះថា ក្រសួងបានរកឃើញបំណុលរបស់ក្រុមហ៊ុន King Technologies (Opennet) ជាង៦លានដុល្លារអាមេរិកដែលបានជំពាក់ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង១លាន៨សែនដុល្លារអាមេរិកដែលមិនបានប្រកាសពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
លោកបានបន្ថែមថា ក្រុមហ៊ុន Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុលឱ្យបានសព្វគ្រប់ទេ ដោយបានបង់បំណុលតែ១លាន៣សែនដុល្លារ (១,៣លានដុល្លារ) ហើយគេចវេះមិនបានបង់បំណុលដែលនៅសល់៦លាន៦សែនដុល្លារ (៦,៦លានដុល្លារ)ទៀត។
លោក សូ វិសុទ្ធី បានសរសរថា៖ «ក្រសួងបានអនុវត្តវិធានការ ដោយនិយ័តករទូរគមនាគមន៍កម្ពុជានឹងចេញលិខិតព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន។ ហើយនៅអាទិត្យក្រោយនេះ ក្រុមការងារក្រសួងនឹងចុះទៅបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតរួមគ្នាមួយដោយបង្គាប់ឱ្យក្រុមហ៊ុន King Technologies (Opennet) ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល៧ថ្ងៃ។
សេចក្ដីជូនដំណឹងរបស់ក្រសួងទាំងពីរបានព្រមានថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងទាំងពីរនឹងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕