ជនជាតិចិនម្នាក់ គេចខ្លួនជិត២ឆ្នាំ ក្រោយធ្វើសកម្មភាពបង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ.!
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅចំណុចមុខកាស៊ីណូណាហ្គា២ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ ប្រព្រឹត្តនៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ ។ បច្ចុប្បន្នជនល្មើសរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕