ស្លាប់សត្វផ្សោតមួយក្បាលទៀតហើយនៅអន្លង់ឈើទាលក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷ ទីបំផុតសត្វផ្សោតដែលរស់នៅមួយក្បាលក្នុងអន្លង់ផ្សោតឈើ ត្រូវបានស្លាប់ដាច់ពូជដោយសារជាប់មង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅកាលពីវេលាម៉ោង ០៤ និង ២០នាទីទៀបភ្លឺ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចថ្មកាំងក្បាលភូមិកោះល្ង នៅក្បែរកំពង់ទឹករបស់លោកខាំផន សុីទុន មេភូមិល្ង ស្ថិតនៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មន្ត្រីជលផលខេត្តបានឲ្យដឹងថា សពផ្សោតមួយក្បាលនោះ ត្រូវបានប្រជានេសាទ ឈ្មោះ ជា តា ភេទប្រុស អាយុ៥២ឆ្នាំ បានប្រទះឃើញសាកសពផ្សោត អណ្តែតទឹកនៅចំណុចថ្មកាំងក្បាលភូមិកោះល្ង នៅក្បែរកំពង់ទឹករបស់លោក ខាំផន ស៊ីទុន មេភូមិកោះល្ង ។ក្រោយមកក៏បានជូនដំណឹងនេះទៅកាន់មន្ត្រីឆ្មាំទន្លេអភិរក្សសត្វផ្សោតអន្លង់ឈើទាល ដើម្បីទៅទទួលយកសាកសពផ្សោតមករក្សាទុកនៅ ក្បាលកោះល្ង ភូមិកោះល្ង ឃុំ ព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ក្នុងនោះមន្ត្រីជំនាញបានធ្វើការពិនិត្យឃើញថា មានស្នាមដំបៅនៅគល់កន្ទុយ ដោយសារជាប់មង ដាច់សុីចំណីយូរពេកទើបបណ្តាលឲ្យស្លាប់។ ក្រោយពិនិត្យរួចក៏បានរៀបចំទុកដាក់សាកសពផ្សោត បន្ទាប់មកឆ្មាំទន្លេក៏បានជូនព័ត៌មានបន្តមកឲ្យមន្រ្តីទទួលបន្ទុកការងារផ្សោតនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង។ មន្ត្រីជលផលបានបញ្ជាក់ថា សត្វផ្សោតដែលស្លាប់នោះមានទំងន់ប្រមាណ ១១០គីឡូក្រាម មានប្រវែង២៣៤ សង់ទីម៉ែត្រ។ ដោយមានការបញ្ជាក់ពីឆ្មាំទន្លេ មូលហេតុនៃស្លាប់សត្វផ្សោតនោះ គឺដោយសារកន្ទុយផ្សោតមានរុំជាប់ជាមួយនឹងសាច់មងរហែកៗ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដែលឆ្មាំទន្លេអភិរក្សសត្វផ្សោតបានព្យាយាមជួយសង្រ្គោះដើម្បីដោះមងចេញពីកន្ទុយដែរ តែជួយមិនបានសម្រេចទេ។ ដោយមានការត្រួតពិនិត្យជាក់ស្តែងម្តងទៀតពីក្រុមអភិរក្សសត្វផ្សោត នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងបុគ្គលិកអង្គការ WWF បានបញ្ជាក់ឱ្យដឹងច្បាស់ថា ផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោល មានអាយុប្រមាណជាង ២០ឆ្នាំ មកទល់ពេលនេះ តែឥឡូវនេះបានស្លាប់ដោយសារការអត់ចំណី ពីព្រោះកន្ទុយរបស់វារុំជាប់ទៅដោយសាច់មងរហែក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាហេតុបណ្តាលឲ្យផ្សោតមួយក្បាលនេះមិនអាចផ្លាស់ទី និងដេញរកចាប់ចំណីបាន ដោយអត់បានប្រើកន្ទុយជួយបកឲ្យបានលឿន៕ (ដោយ សារការី TNM ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង