អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលតះហ្វីសហ្ស៊លគូរអាន់នូរ និងសាលាបឋមសិក្សាអាន់នូរ
(ខេត្តត្បូងឃ្មុំ) ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលតះហ្វីសហ្ស៊លគូរអាន់នូរនិងសាលាបឋមសិក្សាអាន់នូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ូត យូស តំណាងរាស្ត្រខេត្តត្បូងឃ្មុំឯកឧត្តម ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្តមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្រោយបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍របស់លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំរួចមក ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ បានមានប្រសាសន៍ លើកឡើងថា ដោយសារមានសុខសន្តិភាព ទើបយើងមានអ្វីគ្រប់យ៉ាងមកដល់ពេលនេះ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយសេចក្ដីសុខជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះ មូលហេតុចម្បងនោះគឺពលរដ្ឋកម្ពុជាចេះគោរពស្រលាញ់គ្នាទៅវិញទៅមកគ្រប់ជំនឿសាសនា។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ទាំងចំណេះដឹងទូទៅ វិជ្ជាជីវៈជំនាញកុំព្យូទ័រ ជាពិសេសផ្នែកពលករជំនាញនានា ឲ្យបានច្រើនដើម្បីទទួលបាននូវជំនាញពិតៗ សម្រាប់អនាគតខ្លួននិងសង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខបន្តទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមទៅចាក់វ៉ាក់សាំងដុសជម្រុញបន្ថែមទៀត និងបង្កើតប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ខណះកម្ពុជាទើបតែរកឃើញវីរុសបម្លែងខ្លួនថ្មី អូមេក្រុង ឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់ ដោយបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនឹង រាជរដ្ឋថាភិបាលកម្ពុជា បីកុំបីការពារ ដើម្បីជាឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។ បន្ទាប់មកឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ បានចែកជូនសិស្សានុសិស្សនៅ អណ្ដូងទឹក អំពូលសូឡា និងគម្ពីរអាល់គួរអាន និងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផងដែរ។ តេងសម្បត្តិ TNMប្រចាំខេត្តត្បូងឃ្មុំ