ឯកឧត្តម សុខ លូ នាំអំណោយមនុស្សធម៌ ចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារ នៅក្រុងបាត់ដំបង
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម កម្ពុជា ខេត្តបាត់ដំបង ចែកជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពក្រីក្រចំនួន ២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុតដែលជា និច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។
ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូម បន្តបង្កើន ការប្រុង ប្រយ័ត្នបន្ថែមទៀត ជាពិសេសសូម អនុវត្តតាមការណែនាំ របស់ ក្រសួងសុខាភិបាល ពិសេសសូមបន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារខ្លួនពីជំងឺកូវីដ-១៩ គឺ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់ និងការពារ ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួល៖ អង្ករ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែល១ដបផងដែរ៕