រដ្ឋបាលខេត្តស្ទឹងត្រែងរួមនឹងអគ្គីសនីកម្ពុជា រៀបចំកិច្ចប្រជុំ ស្តីពីការដោះស្រាយផលប៉ះពាល់ នឹងស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យែងខ្ពស់៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើត ភ្នំពេញ ភ្ជាប់ទៅព្រំដែនឡាវ
ខេត្តស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅសាលប្រជុំតូចរបស់សាលាខេត្តស្ទឹងត្រែង អគ្គិសនីកម្ពុជា បានសហការនឹងរដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំអនុគណកម្មការដោះស្រាយផលប៉ះពាល់ដីធ្លីសំណង់ផ្ទះសំបែងនិងដើមឈើហូបផ្លែ ក្រុមការងារគ្រប់គ្រងបរិស្ថាន សង្គម គណៈកម្មការបណ្ដឹងសាទុកខេត្តស្ទឹងត្រែង ទូទាត់សំណងពីផលប៉ះពាល់ទាំងអស់នេះនិងរៀបចំកិច្ចប្រជុំ ជាមួយអគ្គិសនីកម្ពុជាព្រមទាំងស្នើសុំអនុញ្ញាត គាំទ្រគម្រោង ខ្សែបញ្ជូនតង់ស្យែងខ្ពស់៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើត ភ្នំពេញ ភ្ជាប់ទៅព្រំដែនឡាវ ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយករងផែនការបច្ចេកទេស នៃអគ្គីសនីកម្ពុជា និងលោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតនៅក្នុងខេត្តផងដែរ ។
ប្រសាសន៍ឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយករង អគ្គីសនីកម្ពុជា នាកិច្ចប្រជុំបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឲ្យអគ្គិសនីកម្ពុជាសាងសង់គម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ភ្ជាប់ទៅព្រំដែនឡាវ ដោយគម្រោងខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងសរុបប្រមាណ ២៩៩ គីឡូម៉ែត្រ បានឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាលស្រុកបាធាយ ខេត្តកំពង់ចាម ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកសណ្តាន់ ខេត្តកំពង់ធំ ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុក ឆែប ខេត្តព្រះវិហារ ដែលនឹងចាប់ផ្តើមដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់បន្ថែមថា គម្រោងនេះមានសារៈសំខាន់ណាស់ ដើម្បីបង្កើនលទ្ធភាពនាំថាមពលដែលមានតម្លៃសមរម្យមកផ្គត់ផ្គង់បន្ថែម ដោយបំពេញតម្រូវការទូទាំងប្រទេស ជាពិសេសនៅតំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលជាមណ្ឌលសេដ្ឋកិច្ចនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ហេតុដូចនេះដំណើរការ ព្រមទាំងបញ្ចប់ដោយជោគជ័យតាមកម្មវិធីកំណត់អគ្គិសនីកម្ពុជា ស្នើសុំអភិបាលខេត្តមេត្តាជួយសម្រួលនិងចាត់ចែងតាមសំណើ ដូចខាងក្រោម
ទី១. បង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ផ្ទះសម្បែង ដីធ្លី និងដើមឈើហូបផ្លែក្រុមការងារគ្រប់គ្រង បរិស្ថាន សង្គម និងគណៈកម្មការបណ្ដឹងសារទុក្ខខេត្តស្ទឹងត្រែង (ឲ្យបានមុនកិច្ចប្រជុំចាប់ផ្តើម)។
ទី២. រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពិគ្រោះយោបល់លើផលប៉ះពាល់ ដោយសារគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើត ភ្នំពេញ ទៅកាន់ព្រំដែនឡាវ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មុនចុះដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។
ប្រសាសន៍លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែងនាឱកាសក្នុងកិច្ចប្រជុំនោះផងដែរ លោកក៏សុំថ្លែងអំណរអរគុណដល់ អគ្គិសនីកម្ពុជា លោកនិងយករឿងនេះ ទៅជំរាបជូនដល់ ឯកឧត្តមអភិបាលខេត្តបានជ្រាប ដើម្បីចាត់ឲ្យ ក្រុមការងារថ្នាក់ខេត្ត ចុះធ្វើការដោះស្រាយអំពីផលប៉ះពាល់អគ្គិសនីកម្ពុជា ក្នុងនោះឲ្យចូលរួមសហការជា មួយអាជ្ញាធរដែនដី មានភូមិ ឃុំ សង្កាត់ ស្រុក ដោយចុះស្រង់យកព័ត៌មានពាក់ព័ន្ធនិងផលប៉ះពាល់ដីធ្លី ផ្ទះសម្ដែង សំ ណង់ផ្សេងៗ និងដើមឈើដែលខ្សែបញ្ជូនអគ្គិសនីតង់ស្យែងខ្ពស់៥០០ គីឡូវ៉ុលឆ្លងកាត់តាមភូមិសាស្ត្រ ដូចបានជម្រាបជូនខាងលើ ដើម្បីជា មូលដ្ឋានក្នុងការកំណត់លើផលប៉ះពាល់ជាមុន ដោយក្រុមការងារ អគ្គិសនីកម្ពុជាគ្រោងនឹងចាប់ផ្តើមធ្វើដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ៕
(ដោយសហការី TNM ស្ទឹងត្រែង)