មនុស្សយ៉ាងហោច២២នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅអេក្វារទ័រ
រោះទឹកជំនន់ដ៏ធំមិនធ្លាប់មានក្នុងពេលពីរទស្សវត្សរ៍ចុងក្រោយ បានវាយប្រហារអេក្វាទ័រដែលស្ថិតនៅអាម៉េរិកខាងត្បូង។ មនុស្សយ៉ាងតិច២២នាក់ បានបាត់បង់ជីវិតក្នុងរដ្ឋធានីគីតូ និងរាប់សិបនាក់ផ្សេងទៀត រងរបួស ខណៈផ្ទះជាច្រើនខ្នងរងការបំផ្លាញ ឡានជាច្រើនគ្រឿងរសាត់អណ្តែតតាមទឹក ហើយទីលានកីឡាមួយចំនួនត្រូវលិច។
អភិបាលទីក្រុងគីតូ Santiago Guarderas ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈថា មនុស្សចំនួន៤៧នាក់បានរងរបួសដោយក្នុងនោះមាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈយ៉ាងតិច២០នាក់ទៀត ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន និងមនុស្ស២៤នាក់ផ្សេងទៀតបានស្លាប់។
ភ្លៀងធ្លាក់ខ្លាំងនៅឯជម្រាលភ្នំភ្លើង Pichincha កាលពីថ្ងៃទី៣១ខែមករា បានបណ្តាលឱ្យមានទឹកជំនន់ខ្លាំងក្លា ជាមួយការបាក់ដីផងដែរ។ អាជ្ញាធរក្នុងតំបន់ បានអះអាងថា ទឹកភ្លៀងបានធ្លាក់ក្នុងកម្រិត៧៥លីត្រក្នុងមួយម៉ែត្រការ៉េនៅតំបន់ La Gasca ក្បែរក្រុងគីតូដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣។ កម្រិតនេះ កើនលើសអ្វីក្រុមព្យាករណ៍រំពឹងទុកដែលមានត្រឹម២លីត្រក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។
វីដេអូមួយ ត្រូវបង្ហោះដោយក្រុមជួយសង្គ្រោះក្នុងតំបន់ បានបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៅហេតុការណ៍ដ៏រន្ធត់ ដោយកម្លាំងទឹក បាននាំយកថ្ម ភក់ និងកំទេចកំទីនានា ដោយលាយឡំជាមួយឡានជាច្រើនគ្រឿងនិងផ្ទះមួយចំនួន ហូរទៅតាមដងផ្លូវ ស្របពេលក្រុមសង្រ្គោះប្រញាប់ប្រញាល់ជួយប្រជាជនឆ្លងទៅកាន់ទីទួលសុវត្ថិភាព។ មនុស្សជាច្រើននា ត្រូវបានបញ្ជូនទៅកាន់ទីជម្រក។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរក្នុងរយៈពេល១៧ម៉ោងជាប់ៗគ្នា ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ លើសពីនោះ ទឹកភ្លៀងដ៏ជោគជាំ ដែលបានហូរចុះពីលើភ្នំក្បែរនោះទៅកាន់ទីលានកីឡាដែលមានមនុស្សជាច្រើនកំពុងហាត់កីឡាបាល់ទះក្នុងទីក្រុងគីតូ។ អាជ្ញាធរអេក្វាទ័រ មិនទាន់អាចកំណត់ចំនួនអ្នករងគ្រោះនៅឡើយទេ ដោយប្រតិបត្តិការស្វែងរកកំពុងធ្វើឡើងនៅឡើយ។
ប្រធានាធិបតីអេក្វាទ័រ Guillermo Lasso ដែលធ្វើដំណើរទៅចិនកាលពីថ្ងៃ៣១ ខែមករា បានបង្ហោះសាររំលែកទុក្ខទៅកាន់ជនរងគ្រោះតាមរយៈបណ្តាញ Twitter។ លោកបានសន្យាបន្តស្វែងរក និងសង្រ្គោះប្រជាជនដែលរងគ្រោះ៕