រថយន្តកែឆ្នៃដឹកឈើលោតឆ័ត្រមួយគ្រឿងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងឆ្មក់បង្ក្រាបបានខណៈឈ្មួញដឹកជញ្ជូនលក់ឲ្យថៅកែនៅចំណុចបក្សីមេគង្គ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈ កាលពីថ្ងៃទី03 ខែមករា ឆ្នាំ2022 នេះ រថយន្តកែឆ្នៃ ដឹកឈើមួយគ្រឿងរបស់មេឈ្មួញឈ្មោះ ហេង ដែលមានទីលំនៅ រស់នៅក្នុងភូមិព្រែក សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទងត្រែង ឈ្មួញរូបនេះតែងតែធ្វើការដឹកជញ្ជូនឈើគ្រប់ប្រភេទលោតឆត្រគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយយកទៅលក់ចែកចាយនៅតាមគោលដៅ នៅក្នុងខេត្ត និងលក់បន្តឱ្យក្រុមឈ្មួញក្រៅខេត្តសឹ្ទងត្រែងផងដែរ ឥឡូវអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបបានហើយ នៅផ្លូវជាតិលេខ7 អាស៊ានកម្ពុជា ឡាវ ត្រង់ចំណុចផ្លូវចូលរីសតបក្សីមេគង្គ ស្ថិតនៅភូមិគីឡូលេខ 8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មេឈ្មួញឈ្មោះហេង ខាងលើ បានរកស៊ីបទល្មើសផលអនុផលព្រៃឈើ ជាយូរឆ្នាំមកហើយ ដោយគេពូកែសម្តីបញ្ចុះបញ្ចូលយកចិត្តខាងអែបអបសមត្ថកិច្ចនិងជំនាញ ទើបការងាររកស៊ីដឹកជញ្ជូនឈើគ្រប់ប្រភេទរបស់គេ ដឹកពីចំណុចព្រៃចាស់ យកមកលក់ចែកចាយនៅតាមគោលដៅ ក្នុងខេត្តនិងបន្តលក់ឲ្យអ្នកក្រៅខេត្ត បានយ៉ាងរលូន។ តាមការជាក់ស្តែងគឺដឹកជញ្ជូនតាមរថយន្តកែឆ្នៃជាច្រើនជើងមកហើយ ដែលយកមកលក់ឱ្យនៅរមណីយដ្ឋានបក្សីមេគង្គ ជារៀងរាល់យប់។ តែត្រូវបានអស់លក្ខណ៍រថយន្តកែឆ្នៃដឹកឈើពេញៗរបស់ឈ្មួញឈ្មោះហេង ខាងលើនោះ រងការឆ្មក់បង្ក្រាបពីសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងជំនាញរដ្ឋបាលព្រៃឈើ តែម្តង។ក្រោយពីសមត្ថកិច្ចធ្វើការចាប់ឃាត់រថយន្តដឹកឈើនោះយកមកសួរនាំរួចហើយ មេឈ្មួញរូបនេះ បានសារភាពថា ក្នុងមួយរថយន្តកែឆ្នៃនេះ ស៊ីឈ្នួ លដឹកលក់ឱ្យគេបានក្នុងតម្លៃ៦០ម៉ឺនរៀលតែប៉ុណ្ណោះ ដឹកបានជាច្រើនជើងដែរហើយ ដោយយកមកទំលាក់ឱ្យអ្នកនៅរីសតបក្សីមេគង្គ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកែឆ្នៃដឹកឈើមួយគ្រឿងខុសច្បាប់នេះបានចាប់ឃាត់នៅយប់ថ្ងៃទី02 ខែមករា ឆ្នាំ2022។ លោក ហ៊ុន សំអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំការណ៍នៅអូរពងមាន់ ខេត្តសឹ្ទងត្រែង បានប្រាប់តាមទូរស័ព្ទ ឲ្យដឹងនៅរសៀលថ្ងៃទី03 ខែមករានេះថា រថយន្តកែឆ្នៃដឹកជញ្ជូនឈើដែលសមត្ថកិច្ចចាប់បង្រ្កាបបាននោះ ខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសឹ្ទងត្រែង ធ្វើការសហការបង្រ្កាបជាមួយជំនាញ។ បន្ទាប់មកបាននាំយករថយន្ត និងឈើមករក្សាទុកនៅកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែងហើយ ។ លោក ហ៊ុន សំអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ បានបញ្ជាក់បន្ថែមថា ឈើនេះជាខ្នាតសរសរផ្ទះធំៗមានចំនួន09ដើម គឺជាប្រភេទឈើឈ្លីក និងឈើផ្ចឹក ដែលមានមុខកាត់ចាប់ពី30ទៅ40សង់ទីម៉ែត្រ ប្រវែង8ទៅ9 ម៉ែត្រ បានធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តកែឆ្នៃចេញពីភូមិសាស្រ្តឃុំស្តៅ ស្រុកសេសាន ខេត្តសឹ្ទងត្រែង។ ដោយដឹកជញ្ជូនឆ្លងកាត់តាមសាឡាងពីឃុំស្តៅយកមកទម្លាក់ទុកនៅត្រង់ចំណុចរមណីយដ្ឋានបក្សីមេគង្គ ក៏ប៉ុន្តែឈើទាំងនេះនៅមិនទាន់បានធ្វើការវាស់វែង នៅមិនទាន់បានដឹងចំនួនម៉ែត្រគូបនោះទេ៕ (ដោយសហការរី ធី អិន អឹម ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង