សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀនទាំងអស់ បង្កើនការលើកកម្ពស់វិស័យអប់រំ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត
បាត់ដំបង÷ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀនទាំងអស់ បង្កើនការលើកកម្ពស់ វិស័យអប់រំ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជាមានគុណភាព និងរីកចម្រើនទាំងក្របខណ្ឌជាតិ និង អន្តរជាតិ។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៃសកលវិទ្យាល័យជាតិបាត់ដំបង នៅសាលសកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់គណៈគ្រប់គ្រង មន្រ្តីរាជការ និងគ្រូបង្រៀនទាំងអស់ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ប្រកប ដោយការប្ដេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈមោះមុត ដើម្បីឈានទៅសម្រេចផែនការដែលបានកំណត់។ ជាពិសេស ក្នុងនាមសម្ដេចជាស្ថាបនិក នៃសកលវិទ្យាល័យនេះ សម្ដេចតែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ចាប់តាំងពីសកវិទ្យាល័យ ត្រូវបានបង្កើតឡើងវិញរហូតមកដល់ពេលនេះ ដើម្បីធ្វើឱ្យសកលវិទ្យាល័យមួយនេះមានលក្ខណៈសម្បត្តិសមស្រប មានឧត្តមភាព និង កិត្យានុភាពល្បីល្បាញទាំងក្នុង ក្របខណ្ឌជាតិនិងអន្តរជាតិ។
សម្ដេចក្រឡាហោមបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោដែលបានខិតខំកសាងសមិទ្ធផលនានាជូនជាតិ និងប្រជាជន ក្នុងនោះរួមទាំងសមិទ្ធផលសាលារៀនគ្រប់កម្រិតនៅតាមមូលដ្ឋាន ដើម្បីផ្ដល់ឱកាសឱ្យកូនចៅរបស់ប្រជាពលរដ្ឋ បានសិក្សា រៀនសូត្រក្លាយជាធនធានមនុស្សល្អក្នុងសង្គមជាតិ។សម្តេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីវឌ្ឍភាពការងារជាច្រើន ពិសេសក្រោយការ ធ្វើកំណែទម្រង់ ទាំងការគ្រប់គ្រង ការបណ្ដុះបណ្ដាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់បរិក្ខារបម្រើឱ្យការៀន ការបង្រៀន និងការ ស្រាវជ្រាវ ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ និងបណ្ដាភាគីទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានធ្វើឱ្យនិស្សិត និង អាណាព្យាបាលកាន់តែមានភាពកក់ក្ដៅជាមួយនឹងទំនុកចិត្តខ្ពស់មកលើសកលវិទ្យាល័យ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត្យសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា ប្រធានគណៈគ្រប់គ្រងសកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម សុខ ឃន សកលវិទ្យាធិការ ព្រមទាំង សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានផ្ដល់ការគាំទ្រខ្ពស់ និងខិតខំបំពេញភារកិច្ចមិនខ្លាចហត់នឿយ ធ្វើឱ្យសកលវិទ្យាល័យជាតិ បាត់ដំបងសម្រេចបានវឌ្ឍនភាពជាច្រើន ពិសេសនៅក្នុងដំណើរការកំណែទម្រង់អស់រយៈពេលជាងមួយឆ្នាំមកនេះ៕