កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទថ្នាក់ខេត្ត
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បត៍ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទថ្នាក់ខេត្ត មានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម ដួង ពៅ អភិបាលនៃគណៈអភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមនឹងសមាជិកក្រុមការងាបច្ចេករទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាតអនាម័យជនបទថ្នាក់ខេត្ត ព្រមទាំងតំណាងដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិផងដែរ ។ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង បានលើកឡើងថា កិច្ចប្រជុំ សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទថ្នាក់ខេត្តនាពេលនេះគឺជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់និងចាប់អារម្មណ៍ខ្លាំងលើវិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យជនបទ ដែលមានការពាក់ព័ន្ធ ដោយ ផ្ទាល់ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមទីជនបទក្នងការទទួលបានសេវាទឹកស្អាតនិងការរស់នៅប្រកបដោយបរិស្ថានស្អាត និងមានសុខភាពល្អប្រសើរ។ លោក សយ គា បានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងមានការសហការពីអង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកវិស័យផ្គត់ផ្គងទឹកជនបទនិងអនាម័យជនបទ មានភាពរីកចំរើនគួឲ្យកត់សម្គាល់ ដែលជាផ្នែកមួយយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការគិតគូរពីសុខមាលភាពប្រជាជន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទីជនបទ។ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា វិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទជាវិស័យអទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នងផែនការយុទ្ធសាស្ត្រជាតិ ក្នុងការជំរុញ និងពន្លឿនវិស័យនេះឈានទៅដល់គោលដៅបានកំណត់ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តម ដួង ពៅអភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់បន្ថែមថា វិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទសម្រាប់ខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះថ្នាក់ដឹកនាំខេត្តបានខិតខំប្រឹប្រែងបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយបណ្តាដៃគួអភិវឌ្ឍន៍នានាក្នុងខេត្ត រួមទាំងវិស័យឯកជន ដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្រជាតិស្តីពីវិស័យផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ នាឆ្នាំ២០២៣-២០២៥ខាងមុខនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់អង្គភាពពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ត កំណត់ផែនការសកម្មភាព តាមសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្ពោះសម្រេច ទៅតាម ទស្សនវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា៕ (ដោយសហការី tnm ស្ទឹងត្រែង)