ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជាឯកឆ្ឆ័ន្ទ ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥  ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីគណបក្សរបស់ខ្លួន សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារៈមួយចំនួនទៀត។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានឲ្យដឹងថា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជ្រើសតាំងជាបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

ដោយឡែកសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលសម្តេច និងលោកជំទាវ ជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ផងដែរនោះ ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង