សម្តេចតេជោប្រកាសពន្យារការចូលនិវត្តន៍តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មនៃស្ថាប័នគយ
MC៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស ពីការសម្រេចពន្យារការចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មនៃស្ថាប័នគយ។ ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និង អគារ សារមន្ទីរគយ នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃ ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ នៅ ព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ឯកឧត្តម គុណ ញឹម មិនទាន់ចាស់នោះទេ គឺមានកម្លាំង និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំស្ថាប័នគយ ដែលជាស្ថាប័នដ៏សំខាន់ ក្នុងការប្រមូលចំណូលដល់ជាតិ។ដូច្នេះ អ្នកដែលចង់រត់ការយកតំណែងមួយនេះ កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។ សម្តេច តេជោ បានបញ្ជាក់ថា ការងារនៅស្ថាប័នគយ គឺជាកន្លែងដែលគេជេរ តែត្រូវរួមគ្នាកាត់បន្ថយកុំឱ្យគេជេរ ហើយការគ្រប់គ្រងចំណូល គឺជាកិច្ចសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងជាតិ។ សំឡេង៖ «ខ្ញុំដឹងមានអ្នកខ្លះប្រុងរត់ ការដើម្បីសុំធ្វើគយ សុំទោស កន្លែងនេះអត់ទេ ខ្ញុំត្រូវតែទុកការងារនេះ ហើយក្នុងករណី អ្នករត់ការធ្វើមេគយ មិនបាច់រត់ទេ រត់ជាមួយខ្ញុំរត់ទៅអត់រួចទេ ខ្វះណាស់កាលពីមុន ប៉ុន្តែខ្ញុំមិនឱ្យដោះដូរ ទុកអ្នកចាស់ដដែល។ ឥឡូវខ្ញុំពន្យារឱ្យ រហូតដល់ឆ្នាំ២០២៥ និយាយច្បាស់តែម្តង ដើម្បីឱ្យនៅធ្វើទំនើបកម្ម ក្បាលម៉ាស៊ីនគយទៀត ហើយខ្ញុំកំពុងពេញចិត្ត ជាមួយនឹងសាលាជាតិ គយ ខ្ញុំកំពុងឃើញថាក្បាលម៉ាស៊ីនរដ្ឋ របស់យើង កំពុងធ្វើទំនើបកម្មហើយ »។