សម្តេចតេជោ មិនអនុញ្ញាតឱ្យមានរថយន្តនិងម៉ូតូអត់ពន្ធ ចរាចរ នៅលើផ្លូវទេ ចាប់ពីឆ្នាំក្រោយ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីថា ចាប់ពីឆ្នាំក្រោយទៅ គឺមិនអនុញ្ញាតឱ្យមានរថយន្តនិងម៉ូតូអត់ពន្ធ ចរាចរ នៅលើផ្លូវទេ ដូច្នេះត្រូវប្រញាប់ទៅបង់ពន្ធឱ្យបានមុនថ្ងៃទី១ខែ មករា ឆ្នាំ២០២២ បើមិនដូច្នេះ ខាងគយ ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារ សារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្រើនរំលឹកសាជាថ្មីថា សល់តែ៨ថ្ងៃទៀតទេ ផុតឱសានវាទនៃការអនុគ្រោះពន្ធ១០ភាគរយ ដូច្នេះរថយន្តដែលមិនទាន់បានបង់ពន្ធត្រូវទៅបង់ តែបើបង់នៅក្រោយថ្ងៃឱសានវាទគឺត្រូវបង់ពេញ១០០ រយភាគរយតែម្តង ។ សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ។ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរនៅលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត។  « ខ្ញុំសូមប្រកាសសាជាថ្មី មិនអនុញ្ញាតឱ្យមានឡានម៉ូតូ នៅលើផ្លូវដោយគ្មានបង់ពន្ធទេ ។ អ៊ីចឹងសល់តែ៨ថ្ងៃទៀត ផុតឱសានវាទនៃការអនុគ្រោះបង់ពន្ធចុះ១០ភាគរយ ត្រូវចូលឱ្យលឿនបង់ដើម្បីបានចំណេញ១០ភាគរយ បន្ទាប់ពីនោះគឺត្រូវបង់ពេញមួយរយភាគរយតែម្តង ។ ឧទាហរណ៍ឡានត្រូវបង់៥ម៉ឺនដុល្លារត្រូវបង់ពេញ ប៉ុន្តែប្រសិនជាចូលមកមុនថ្ងៃទី៣១ ខែធ្នូនេះ និងទទួលបានភាពអនុគ្រោះ១០ភាគរយស្មើនិង៥ពាន់ដុល្លារ ។ មិនអនុញ្ញាតឱ្យមានឡាននៅលើដងផ្លូវដោយមិនបានបង់ពន្ធ ព្រោះម្តងហើយម្តងទៀតភាពច្រំដែលរបស់យើងនៅតែបន្ត ឡានចង្កូតស្តាំ ឡានអត់ពន្ធ ជ្រកក្រោមនេះ ជ្រកក្រោមនោះមិនឱ្យមានទៀតទេ ។ ហើយគយត្រូវធ្វើកិច្ចការងារនេះ ប្រមូលឡានដែលអត់មានពន្ធទុក ហើយផាកពិន័យទៅតាមគោលការណ៍ដែលមាន រួចមកហើយ » ៕

អត្ថបទដែលជាប់ទាក់ទង