នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេចនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ និងដៃគូដទៃទៀត។ នេះបើយោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងធ្វើឱ្យអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់»។
នាឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំណត់នូវជំហរក្នុងការគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវឈរលើគោលការណ៍៣ យ៉ាង គឺ៖ ទី១-ត្រូវតែផ្ដល់ផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍ។ ទី២-មិនប្រឆាំងនឹងប្រទេសណាមួយ ។ ទី៣-ត្រូវគោរព និងផ្ដល់ការគាំទ្រសម្រាប់មជ្ឈភាពរបស់អាស៊ាន និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន ៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល