មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រើនរំឭកដល់ កម្លាំងកងរាជអាវុធហត្ថទាំងអស់ពង្រឹងនិងខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព
ស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានក្រើនរំឭកបន្ថែម ឱ្យកម្លាំង កងរាជអាវុធហត្ថទាំងអស់ បំពេញការងារត្រូវមានភាពម៉ឺងមាត់ តែប្រកបដោយគុណធម៌ក្នុងការលើកកម្ពស់កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គម ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាននៅថ្ងៃទី១៥ខែធ្នូនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង មានប្រសាសន៍ថាៈ កម្លាំងកងរាជអាវុធហត្ថ ត្រូវពង្រឹងការងារការពារសន្តិសុខនៅតាមមូលដ្ឋានដែលខ្លួនឈរជើង ឱ្យមានប្រសិទ្ធភាពដើម្បីសន្តិសុខសហគមន៍និងការអភិវឌ្ឍខេត្ត។
លោកមេបញ្ជាការបន្ថែមថា៖ក្នុងនាមជាសមត្ថកិច្ចគប្បីមានឆន្ទ:សំដៅជម្នះរាល់ឥទ្ធិពលនិងបង្កើនការសាមគ្គីភាពគ្នា ជាមួយកងកម្លាំង គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អនុវត្តការងារ ឱ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍអង្គភាព ដោយគិតពីផលប្រយោជន៍ជាតិ និងប្រជាជន (សំឡេង)ជាពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបាន ដាក់បទបញ្ជា(ប្រទេសជាតិត្រូវតែការពារ- ប្រជាត្រូវតែបម្រើ -ច្បាប់ត្រូវតែគោរព -បទល្មើសត្រូវតែបង្ក្រាប) និងពាក្យមួយឃ្លាទៀត គឺជួយគិតជួយធ្វើរួមគ្នាទទួលខុសត្រូវជំរុញការបង្កបង្កើនផលដាំដុះអាវុធហត្ថម្នាក់ត្រូវតែបង្កបង្កើនផល ចិញ្ចឹមដាំដុះ ឱ្យបានច្រើន ដើម្បីជួយដល់កម្លាំងយើងផង បើនៅខ្វះចន្លោះកន្លែងណាគឺរកដីរកអីដើម្បីបង្កបង្កើនផល ។
លោកអនុសេនីយ៍ឯកគឹម មករា មេបញ្ជាការ មូលដ្ឋានស្រុកសេសានទើបចូលកាន់តំណែងថ្មី បានប្តេជ្ញាចិត្ត និងខិតខំដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព គោរពតាមបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត- មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា គណៈបញ្ជាការឯកភាពស្រុក និងប្រឹងប្រែង អនុវត្តឱ្យបានកាន់តែប្រសើរឡើង នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល អ្វីៗគឺដើម្បីជាតិ និងបម្រើប្រជាជន ។
លោកសុវណ្ណ ពិសេដ្ឋអភិបាលស្រុកសេសានបានសំដែងការសាទរចំពោះការប្តេជ្ញាចិត្តនេះ ព្រោះកងរាជអាវុធហត្ថក៏ជាកម្លាំងស្នូលមួយ មានភាពទំនាក់ទំនងល្អ ក្នុងការជួយបំពេញភារកិច្ចបានលឿនរហ័ស និងធ្វើឱ្យប្រជាពលរដ្ឋយើងមានជំនឿជឿជាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព ។
សូមបញ្ជាក់ថា៖ការប្រកាសចូលកាន់តំណែងនេះគឺអនុវត្តតាមសេចក្តីសម្រេចលេខ២០ ត.ត.ផ.ប.ចុះថ្ងៃទី២៩ខែ វិច្ឆិកាឆ្នាំ២០២១ តែងតាំងលោកអនុសេនីយ៍ឯកគឹម មករា ជាមេបញ្ជាការមូលដ្ឋានស្រុកសេសាន ជំនួសលោកវរសេនីយ៍ត្រីសុខ រិទ្ធី ដែលត្រូវផ្លាស់ប្ដូរចេញទៅបំពេញ ការងារថ្មី៕