សម្ដេចតេជោ អំពាវនាវឱ្យម្ចាស់រថយន្ដដែលគ្មានពន្ធប្រញាប់ទៅបង់ពន្ធមុនថ្ងៃកំណត់ដែលទទួលបានអនុគ្រោះពន្ធ១០ភាគរយនៅសល់ត្រឹមតែ១៥ថ្ងៃទៀតប៉ុណ្ណោះ

MC៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យម្ចាស់រថយន្ដដែលគ្មានពន្ធប្រញាប់ទៅបង់ពន្ធមុនថ្ងៃកំណត់ដែលទទួលបានអនុគ្រោះពន្ធ១០ភាគរយនៅសល់ត្រឹមតែ១៥ថ្ងៃទៀតប៉ុណ្ណោះនិងហាមដាច់ខាតមិនឱ្យមានរថយន្តចង្កូតស្ដាំចរាចរលើផ្លូវ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការសណ្ឋាគារ ហៃយ៉ាត រីជិនស៊ីភ្នំពេញ «HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំពោះម្ចាស់រថយន្ដ ដែលមិនទាន់បានបង់ពន្ធត្រូវអញ្ជើញមកបង់ពន្ធឱ្យបានរួសរាន់ មុនថ្ងៃកំណត់ដើម្បីទទួលបាននូវការអនុគ្រោះពន្ធ ១០ភាគរយ ខណៈក្រោយថ្ងៃ៣១ ខែធ្នូ នេះ គឺត្រូវបង់ពន្ធពេញដោយមិនទទួលបានការអនុគ្រោះពន្ធ១០ ភាគរយនោះទេ ។ សម្តេច តេជោ បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្មីៗនេះ បានប្រកាសពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ និងបានធ្វើការរំលឹកដល់ម្ចាស់រថយន្តពាក់ព័ន្ធមកបង់ពន្ធ ព្រោះអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង ព្រោះឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

 «ថ្ងៃនេះជាថ្ងៃទី ១៥ហើយ នៅសល់តែ១៥ថ្ងៃទៀតទេ អំពាវនាវចំពោះម្ចាស់រថយន្ត ដែលមិនទាន់បានបង់ពន្ធ សូមអញ្ជើញមកបង់ពន្ធ ឱ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះពន្ធ ១០ភាគរយ ។ខ្ញុំបានបញ្ជាក់ហើយ មិនឱ្យមានព្រឹត្តិការណ៍ច្រំដែល កើតឡើងតទៅទៀតនោះទេ លើបញ្ហារថយន្ដមិនបង់ពន្ធជ្រកក្រោមផ្លាកលេខនេះ ឬផ្លាកលេខនោះ ហើយក៏មិនឱ្យមានវត្តមានរថយន្ដចង្កូតស្ដាំ ចរាចរបើកលើផ្លូវ មិនថាផ្លូវជាតិឬផ្លូវលំ ត្រូវកែវាទៅឆ្វេង។ អ៊ីចឹងទេអ្នកមិនទាន់បង់ពន្ធ រួសទាន់មកបង់ពន្ធ ក្រោយថ្ងៃ៣១ ខែ ធ្នូ ត្រូវបង់ពន្ធពេញ អត់បាន១០ភាគរយនោះទេ ។ ចំពោះអ្នករកស៊ីរត់ពន្ធ យកឡានជិះមកអត់ពន្ធ ត្រូវចូលមកបង់ពន្ធ »។

អត្ថបទដែលជាប់ទាក់ទង