ប្រមុខរាជរដ្ឋាភិបាលអបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំៗ០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១)។ សម្ដេចតេជោបន្តថា រមណីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាង្គប្រាសាទ រចនាបថ សិលាចារឹក និងចម្លាក់ដ៏ពិសិដ្ឋ ជាភស្តុតាងដែលបានបញ្ជាក់អំពីជីវភាព របៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើជំនួញ និងចរន្តសេដ្ឋកិច្ចនាសម័យអង្គរ។ អង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពីសតវត្សទី៩ ដល់សតវត្សទី១៤ ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាមោទនភាពជាតិ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
សម្ដេចតេជោក៏បានអំពាវនាវសូមឱ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រឡាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល៕ ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល