អ៊ីស្រាអែលហាមឃាត់ការធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស និងដាណឺម៉ាក ជុំវិញការព្រួយបារម្ភចំពោះវីរុសទម្រង់អូមីក្រុង
ប្រទេសអ៊ីស្រាអែលបានសម្រេចហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស និងដាណឺម៉ាក ដើម្បីការពារពីការឆ្លងរាលដាលនៃវីរុសទម្រង់អូមីក្រុងនៃជំងឺកូវីដ-១៩។
ការហាមឃាត់ដែលនឹងមានប្រសិទ្ធភាពនៅថ្ងៃព្រហស្បតិ៍នេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយដោយ លោក Sharon Alroy-Preis ប្រធានសេវាសុខភាពសាធារណៈនៅក្រសួងសុខាភិបាលអ៊ីស្រាអែល។
អ៊ីស្រាអែលបានហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសភាគច្រើននៅទ្វីបអាហ្រ្វិក ដែលត្រូវបានក្រសួងអ៊ីស្រាអែលដាក់សញ្ញាពណ៌ «ក្រហម» ដោយសារតែវីរុសទម្រង់ថ្មីនេះ។
ជនជាតិអ៊ីស្រាអែលទាំងអស់ដែលត្រឡប់មកពីបណ្តាប្រទេសដែលត្រូវបានហាមឃាត់ទាំងនោះ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួច និងអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវតែធ្វើចត្តាឡីស័កយ៉ាងហោចណាស់ប្រាំពីរថ្ងៃ។
ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរពីប្រទេសទាំងនោះទៅកាន់ប្រទេសអ៊ីស្រាអែលទេ លើកលែងតែករណីមនុស្សធម៌ដោយមានការយល់ព្រមពីគណៈកម្មាធិការពិសេសរបស់រដ្ឋាភិបាល។
យោងតាមក្រសួងនោះបានឱ្យដឹងថា រហូតមកដល់ពេលនេះ ៦៧ករណីនៃវីរុសទម្រង់អូមីក្រុងត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកសង្ស័យចំនួន ៨០នាក់ផ្សេងទៀតមិនទាន់ទទួលបាននៅឡើយ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល