សន្និសីទកិច្ចសហប្រតិបត្តិការនវានុវត្តន៍ចិន-អាហ្វ្រិកប្រារព្ធពិធីបើកនៅភាគកណ្តាលប្រទេសចិន

សន្និសីទកិច្ចសហប្រតិបត្តិការនវានុវត្តន៍ចិន-អាហ្វ្រិកឆ្នាំ២០២១ ត្រូវបានធ្វើពិធីបើកកាលពីថ្ងៃអាទិត្យនៅទីក្រុងវូហានរដ្ឋធានីនៃខេត្តហ៊ូបីនៅភាគកណ្តាលប្រទេសចិន។

សន្និសីទនេះមានគោលបំណងផ្តោតសំខាន់ទៅលើការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជំរុញការកសាងសហគមន៍ចិន-អាហ្វ្រិកដែលមានអនាគតរួមគ្នា។

ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ រួមមានទាំងសកម្មភាពតាមប្រព័ន្ធអនឡាញ និងក្រៅបណ្តាញជាបន្តបន្ទាប់ ដែលរួមមានទាំងវេទិកាពិភាក្សា ការតាំងពិពណ៌នៃលទ្ធផលកិច្ចសហប្រតិបត្តិការនវានុវត្តន៍ និងសហគ្រិនភាព និងនវានុវត្តន៍នៃក្រុមទេពកោសល្យវ័យក្មេងអាហ្វ្រិក។

គម្រោងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសរុបមានចំនួន ១៥គម្រោងជាមួយបណ្តាប្រទេសមួយចំនួននៅអាហ្វ្រិកត្រូវបានចុះហត្ថលេខានៅក្នុងពិធីបើកសន្និសីទនោះ។

សន្និសីទនោះត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និងរដ្ឋាភិបាលប្រជាជនខេត្តហ៊ូបី។ អ្នកតំណាងនៃបណ្តាប្រទេសនៅអាហ្វ្រិកជាង ២០ប្រទេស និងយុវជនអាហ្រ្វិកមួយចំនួន អ្នកស្រាវជ្រាវ និងនិស្សិតនៅទីក្រុងវូហានបានចូលរួមក្នុងពិធីបើកនោះ។

ខេត្តហ៊ូបីសម្រេចបានលទ្ធផលជាផ្លែផ្កានៅក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយបណ្តាប្រទេសនៅអាហ្រ្វិកក្នុងវិស័យនានា រួមទាំងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សមត្ថភាពឧស្សាហកម្ម និងវប្បធម៌ផងដែរ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង