មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កុមារអាយុ ៣ឆ្នាំ និង៤ឆ្នាំ អាចនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចប្រមុខរាជរដ្ឋាភិបាល កុមារតូចៗដែលមានអាយុ ០៣ឆ្នាំ និង០៤ឆ្នាំ អាចនឹងទទួលបានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកជំទាវ យក់ សម្បត្តិ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនេកា (AstraZeneca) ចំនួន ២៩០ ៤០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល នៃប្រទេសហូឡង់ តាមរយៈយន្តការលកូវ៉ាក់ (Covax Facility) នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ៖ “ក្រុមហ៊ុនស៊ីណូវ៉ាក់ បានបញ្ជាក់រួចហើយពីប្រសិទ្ធភាព និងសុវត្ថិភាព ហើយប្រទេសចិននៅពេលនេះបាននិងកំពុងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារដែលមានអាយុ៣ឆ្នាំឡើងរួចហើយដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក៏ដូចជាគ.វ.ក១៩ ត្រូវពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារតូចៗទាំងនេះ ដែលនឹងអាចឱ្យកុមារតូចៗ អាចចូលរៀនបាន រួមជាមួយនឹងសុវត្ថិភាពរបស់កុមារតូចៗទាំងនោះផងដែរ”។
ជាមួយគ្នានេះផងដែរ លោកជំទាវ យក់ សម្បត្តិ ក៏បានបញ្ជាក់ថា ទាក់ទងនឹងគម្រោងសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចេញ ស.ជ.ណ ដល់ក្រុមហ៊ុនក្នុងស្រុករួចហើយ ហើយនឹងបន្តធ្វើការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនចិន ដោយលោកជំទាវសង្ឃឹមថាកិច្ចពិភាក្សាអាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ក្នុងឱកាសនោះផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា ៖ “កម្ពុជា ជាប្រទេសមួយដែលមានសំណាង ដោយមានថ្នាក់ដឹកនាំដ៏ខ្លាំងដែលធ្វើឱ្យមិនមានការខ្វះខាតនូវវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្លួននោះទេ។ ប៉ុន្តែយើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ នឹងមិនងាយបញ្ចប់នោះទេ ដរាបណាជំងឺនេះនៅតែចរាចរនៅពាសពេញពិភពលោកនោះ ហើយកម្ពុជាក៏នឹងប្រឈមនូវហានិភ័យគ្រប់ពេលវេលាផងដែរ។ ខ្ញុំសូមបញ្ជាក់ជូនផងដែរ និងជាដដែលថា វ៉ាក់សាំងនូវតែជាឧបករណ៍ដ៏ចាំបាច់បំផុត ដើម្បីការពារការរាតត្បាតជំងឺកូវីដ-១៩ និងសូមអំពាវនាវប្រជាពលរដ្ឋកម្ពុជា សូមបន្តទៅចាក់វ៉ាក់សាំង និងអនុវត្តឱ្យបានម៉ត់ចត់នូវវិធានការ ០៣ការពារ និង០៣កុំ”។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃនេះ កម្ពុជាបានទទួលវ៉ាក់សាំងសរុបជាង ៤០,៥លានដូសហើយ ក្នុងនោះវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៥លានដូសទៀត។ ដោយឡែកសម្រាប់ការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃម្សិលមិញ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន ១០ ១១៥ ០៨២ នាក់ ដែលស្មើនឹង ១០១.១៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ១ ៨០៦ ៩៥៧ នាក់ ដែលស្មើនឹង ៩៨.៨៨% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់។
សម្រាប់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំវិញ អ្នកចាក់ដូសទី១ បានចំនួន ១ ៩៨៧ ៩៦៣ នាក់ ស្មើនឹង ១០៤.៧៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់ និងកុមារ អាយុ ០៥ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២៨៤ ៤៧២ នាក់ ស្មើនឹង ៩៣.៤៨% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់ ហើយប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨៨.៧២%។
ចំពោះការចាក់ដូសទី៣វិញ បានចំនួន ចំនួន ២ ៦៩០ ៦៧៩ នាក់។ ក្នុងនោះ យុទ្ធនាការចាក់ដូសទី៤ អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២ផងដែរ៕ ដោយ៖ ផែន រតនៈ សម្រួលផ្សាយដោយ៖ ធូ កុសល