មន្ត្រី ក.ប.ប ខេត្តស្ទឹងត្រែងដកហូតចំណីអាហារគ្រប់ប្រភេទចំនួនជិត១០០គីឡូក្រាម យកមកបំផ្លាញចោលដើម្បីការពារសុខភាពអ្នកបរិភោគ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 2021 135 ស្ទឹងត្រែង៖ ចំណីអាហារខូចគុណភាពជាច្រើនប្រភេទ ត្រូវបានមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតពីទីតាំងបងប្អូនលក់ដូរនៅតាមផ្ទះក្នុងក្រុងស្ទឹងត្រែង យកមកកម្ទេចចោល ដើម្បីការពារសុខភាពអ្នកបរិភាគ និងព្រមានដល់បងប្អូន អាជីវករផ្សេងៗទៀតកុំឱ្យយកទំនិញបែបនេះមកតាំងលក់។ ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារដែលបងប្អូនអាជីវករតាំងលក់នៅតាមផ្ទះ ក្នុងក្រុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨ធ្នូ លោក គឹម ប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្រចាំនៅខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ចាប់ពីពេលនេះទៅ បងប្អូនអាជីវករទាំងអស់ត្រូវភ្ញាក់រលឹកខ្លួនឯង មិនត្រូវយកទំនិញខូចគុណភាពឬហួសកាលបរិច្ឆេទប្រើប្រាស់ មកដាក់តាំង លក់ទៀតទេ។ លោកបន្តថា៖នេះជាករណីល្មើសទៅនឹងប្រកាសរបស់អន្តរក្រសួងស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយបើលើកក្រោយ មន្ត្រីជំនាញមកពិនិត្យ ឃើញមានចំណីអាហារខូចគុណភាពនៅដាក់តាំងលក់បែបនេះទៀត នឹងត្រូវផាកពិន័យទៅតាមច្បាប់ស្តីពីចំណីអាហារ ព្រោះមន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយនិងអប់រំណែនាំជាច្រើនឆ្នាំមកហើយ។ លោក លឿង ណារ័ត្ន អាជីវករលក់ទំនិញនៅក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖កន្លងមកពិតជាមានមន្ត្រីជំនាញ មកអប់រំណែនាំ ច្រើនលើកច្រើនសាមែន ហើយក៏មានបងប្អូនអាជីវករមួយចំនួនអនុវត្តបានល្អតាមការណែនាំដែរ។ លោកលោកបន្តថា៖ការលក់ដូរ សំណូមពរឱ្យបងប្អូនអាជីវករទាំងអស់ត្រូវគោរពតាមការណែនាំរបស់មន្ត្រីជំនាញ ព្រោះកាលណាយើងចេះ ជ្រើសរើសទំនិញមានគុណភាពមកលក់ដូរ វាជាចំណែកមួយទាក់ទាញអតិថិជនមកគាំទ្រមុខរបររបស់យើងបានច្រើន ហើយបងប្អូនអ្នក បរិភោគក៏មានសុខភាពល្អដែរ។ លោកស្រី យាន ស្រីទូច ប្រជាពលរដ្ឋភូមិរាជានុកូល ក្រុងស្ទឹងត្រែង បានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះមកពិនិត្យឱ្យបានញឹកញាប់ និង នៅគ្រប់ទីកន្លែងជាពិសេសនៅតាមភូមិ និងនៅតាមសាលារៀន ដែលកំពុងបើកដំណើរការឡើងវិញនេះ ក៏មានបញ្ហាប្រឈមផងដែរ ព្រោះអ្នកលក់ចំណីអាហារមួយចំនួននោះ ភាគច្រើនមិនបានពិនិត្យមើលស្លាកសញ្ញាអ្វីឡើយ។ សូមបញ្ជាក់ថា៖ក្នុងការចុះពិនិត្យទំនិញនេះមន្ត្រីជំនាញដកហូតបានចំណីអាហារគ្រប់ប្រភេទ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន៧៩គីឡូក្រាម យកទៅរក្សាទុកដើម្បីធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ ដើម្បីព្រមានដល់អ្នកផ្សេងៗទៀត ហើយបើមាន ដូចលើកនេះ នឹងត្រូវផាកពិន័យទៅតាមប្រកាសអន្តរក្រសួងលេខ៣៣៨ស.ហ.វប្រ.ក ចុះថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ជាក់ជាមិនខាន៕ 135 ចែករំលែក