ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋវ័យចាស់នៅក្រុងសិរីសោភ័ណ
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋវ័យចាស់ ជាង៤០០នាក់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បី មនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា មនុស្សចាស់ជាបុព្វការីជន ដែលបាន បង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀម ទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយៗ។
ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវ និងផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និង រៀបចំ ឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធន៍ និងចំណេះដឹង ទៅវិញទៅមក និងផ្សាភ្ជាប់ទៅនឹងមនសិការ ទទួលខុសត្រូវរបស់មនុស្សចាស់ និងការថែទាំ ពីកូនចៅពេញវ័យនៅក្នុងក្រុមគ្រួសារ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាយើង «មាតា-បីតា មានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ ជួយសង្គមដោយមិនពាក់ព័ន្ធ នឹងគ្រឿងញៀនគ្រប់ប្រភេទ»។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ក៏បាននាំយកអំណោយទៅ ចែកជូនដល់មនុស្សវ័យចាស់ស្ថិតនៅក្រុងសិរីសោភ័ណ ប្រជាពលចូលរួមក្នុងពិធីនេះម្នាក់ៗ ទទួលបាន អាវរងា១, ភួយ១, ក្រមា១, ប្រេងកូឡា១ដប, តែ១កព្ចាប់, ស្ករស១គីឡូក្រាម, អំបិល១កព្ចាប់, ទឹកដោះគោ១កំប៉ុង, និងថវិកា២ម៉ឺនរៀល។
នៅរសៀលថ្ងៃដដែលនេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវបានបន្ត ដំណើរទស្សនា សមិទ្ធផលរីកចម្រើននានាក្នុងខេត្ត ដែលជាផ្លែផ្កានៃសន្តិភាពក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានផ្តល់អំណោយឧបករណ៍ អនាម័យលាងដៃ អំណោយជាថវិកាដល់លោកគ្រូអ្នកគ្រូចំនួន៦០នាក់ ដោយម្នាក់ៗទទួល បានថវិកា២ម៉ឺនរៀន និងជួយចាក់សាបទីលានកីឡាដល់សាលាបឋមសិក្សាសូភី ផងដែរ៕ ដោយឈុន សារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល