ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ កម្ពុជាប្តេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្នុងកិច្ចប្រជុំកំពូលស្ដីពីអាហារូបត្ថម្ភដើម្បីកំណើននៅទីក្រុងតូក្យូ តាមខ្សែអាត់វីដេអូ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះថា កម្ពុជាប្តេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០ ដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងបន្តថា កម្ពុជាមានមោទភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបាន និងប្តេជ្ញា បន្តប្រែក្លាយប្រព័ន្ធស្បៀងរបស់យើង តាមរយៈការផ្តល់របបអាហារសុខភាពប្រកបដោយសមធម៌ ការផ្ដល់ភាព អង់អាចដល់ស្ត្រី យុវជន ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ការការពារនិងការស្តារប្រព័ន្ឋអេកូឡូជី ក្នុង ពេលជាមួយគ្នាអភិវឌ្ឍន៍ភាពធន់កាន់តែប្រសើរ និងការគ្រប់គ្រងប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ជាងមុន។ ជាងនេះទៀត ការប្ដេជ្ញារបស់កម្ពុជា គាំទ្រដោយយុទ្ធសាស្រ្ត និងគោលនយោបាយជាតិនានាដ៏រឹងមាំ គួបផ្សំជាមួយនឹង ផែនការលម្អិតដោយផ្តោតលើការអន្តរាគមន៍ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត ការលើកកម្ពស់ការបំបៅ កូនដោយទឹកដោះម្តាយ ការលើកកម្ពស់ការផ្តល់អាហារបន្ថែម ការបង្ការនិងព្យាបាលកុមារស្គមស្គាំង និងកុមារក្រិសក្រិន និងការផ្តល់អាហារតាមសាលារៀន ដើម្បីឈានទៅដោះស្រាយបញ្ហាអាហារូបត្ថម្ភ ការប្ដេជ្ញាចិត្ត យ៉ាងមុតមាំពីវិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានបំពេញបន្ថែមដោយសកម្មភាពនានានៅក្នុងវិស័យ កសិកម្ម ទឹកស្អាតនិងអនាម័យ និងប្រព័ន្ឋគាំពារសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា អភិក្រមពហុវិស័យ និងពហុភាគី គឺជាយន្តការស្នូលមួយ ជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅបញ្ចប់ បញ្ហាអាហារូបត្ថម្ភ កាត់បន្ថយផលប៉ះពាល់អន្តរជំនាន់ និងអនុញ្ញាតឱ្យមនុស្សជំនាន់ក្រោយមានសក្តានុពលពេញលេញ។ កម្ពុជា នឹងបន្តសហការជាមួយបណ្តាអង្គការដៃគូអភិវឌ្ឍន៍និងប្រទេសនានា ដើម្បីរៀបចំកិច្ចសន្ទនាគោលនយោបាយប្រកបដោយបរិយាប័ន្នសម្រាប់អាហារូបត្ថម្ភ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជានឹង បន្តសហការជាមួយប្រទេសនានា ក្នុងតំបន់និងក្រៅតំបន់ សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភកាន់តែ ប្រសើរឡើង ដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមរួម របស់យើង។ ឯកឧត្តម យឹម ឆៃលី ក៏បានថ្លែង ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏សំខាន់នេះ៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង