សម្តេចក្រឡាហោម ស ខេង ចេញមុខប្រកាសពីជំហរគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបេក្ខភាពនាយករដ្ឋមន្រ្តី

នៅយប់ថ្ងៃ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារទី០៧ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាតករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានចេញប្រកាសជាចំហនៅលើផេកផ្លូវការរបស់សម្តេច ពាក់ព័ន្ធបេក្ខភាពនាយករដ្ឋមន្រ្តី ដែលសម្តេចតេជោបានប្រកាសកាលពីពេលថ្មីៗនេះ។

សម្រាប់សម្តេចក្រឡាហោម សម្តេចតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។

ដោយឡែកចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត សម្តេចក៏នឹងគោរពតាមការសម្រេច របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

សូមរម្លឹកជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានបង្ហើបអំពីការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា ការដាក់បេក្ខភាពមិនធ្វើឡើងនៅពេលនេះទេ តែអាចធ្វើឡើងនៅក្រោយឆ្នាំ២០២៨។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ខ្ញុំនិយាយរឿងបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀត គំនិតរបស់ខ្ញុំ គឺខ្ញុំបានត្រៀមបេក្ខជនរហូតដល់៤នាក់ ទោះបីប៉ុន្មានថ្ងៃនេះ បេក្ខជនម្នាក់ដែលសម្តេចមិនចេញស្តីនោះ បានចេញសារគាំទ្រ ហ៊ុន ម៉ាណែត ហើយក៏ដោយ ប៉ុន្តែអ្នកនោះនៅតែជាគោលដៅបម្រុងទុក»។

ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់ឯកឧត្តមគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ការប្រកាសនេះ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃសរុបប្រមាណ ៣០០លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តមបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធារបស់សហរដ្ឋអាមេរិក West Point ។ សម្រាប់កិច្ចការងារនយោបាយ ឯកឧត្តមក៏ជាប្រធានយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្រ្តៃយ៍ ដែលមានវ័យក្មេងជាងគេផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា « ខ្ញុំឧទ្ទេសនាមបេក្ខជន នៅក្នុងចិត្តរបស់ខ្ញុំម្នាក់ចេញមកដែលគេលើកម្តងហើយម្តងទៀត ប៉ុន្តែបែរជាចេញមកមានការគាំទ្រពេញទំហឹង»៕ដោយចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង