អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ ក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ជូនគ្រួសារអតីតយុទ្ធជន ជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
គូសបញ្ជាក់ថា៖ ករណីអគ្គីភ័យបណ្ដាលឱ្យឆេះផ្ទះអស់ទាំងស្រុង១ខ្នង ទទឹង ០៧x បណ្តោយ១០ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ នុត សារិន ភេទប្រុស អាយុ ៧០ឆ្នាំ។ បណ្ដាលមកពីផ្ទុះចង្ក្រានហ្គាស ឆេះរាលដល់កំប៉ុងហ្គាសដែលទុកនៅជិតចង្ក្រាន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩ៈ០០នាទី។
អំណោយដែលបាននាំយកទៅជូនរួមមាន៖ ស័ង្កសី ៥០ សន្លឹក ស៊ីម៉ង់តិ៍ ១០បេ អង្ករ ១០០គីឡូក្រាម អាវរងារ ៣ មុង ២ មីជាតិ ២កេះ ម៉ាស ១ប្រអប់ ជែល ៣ដប ថ្នាំពេទ្យមួយចំនួន និងថវិកាមួយចំនួន។
ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងចូលរួមសោកស្តាយចំពោះគ្រួសាររងគ្រោះ ព្រមទាំងបានណែនាំដល់គ្រួសារ ត្រូវថែរក្សាសុខភាព ជាពិសេសចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ធូ កុសល