អង្គការឃែរអន្តរជាតិប្រចាំកម្ពុជានិងរដ្ឋបាលខេត្តព្រះសីហនុ ធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព

TNM(ព្រះសីហនុ)៖នាព្រឹកថ្ងៃសុក្រទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ និងអង្គការឃែ បានបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំណាកស្រុកឆ្លងដែន នៅសាលាខេត្តព្រះសីហនុ។ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ), លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោក យ៉ាន នោឡានឌ័រ នាយករងអង្គការឃែរអន្តរជាតិប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពី អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។
លោកស្រី .ម៉ន បូរីណា ប្រធាននៃកម្មវិធីជាន់ខ្ពស់នៃអង្គការឃែរអន្តរជាតិ បាននិយាយថា តាមរយៈការធ្វើសិក្ខាសាលានេះនឹងធ្វើអោយមានការយល់ដឹងនូវព័ត៌មានថ្មីពាក់ពន្ធ័នឹងការធ្វើចំណាកស្រុកឆ្លងដែន ដល់ប្រជាពលរដ្ឋទូទៅជាពិសេសប្រជាជននៅតំបន់គោលដៅដែលបានកំណត់ចៀសវាងពួកគាត់ចំណាកស្រុកដោយប្រថុយដែលអាចមិនមានសុវត្ថិភាពនិងអាចឈានទៅជាអំពើជួញដូរមនុស្ស។លោកស្រីចង់ឃើញមន្ត្រីពាក់ពន្ធ័ជាពិសេសអាជ្ញាធរតាមមូលដ្ឋានសហការផ្សព្វផ្សាយអំពីរផែនការសកម្មភាពនិងយន្តការនានាស្តីពីគម្រោងចំណាកស្រុកឆ្លងដែននេះដល់ប្រជាជនអោយពួកគាត់បានយល់ច្បាស់។

លោកជំទាវ រ៉ន សិរីលក្ខិណា មានប្រសាសន៍ថា សិក្ខាសាលាមានគោល បំណងផ្សព្វផ្សាយនូវទិដ្ឋភាពទូទៅ និងផែនការអនុវត្តគម្រោងចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព និងធ្វើការប្រឹក្សាយោបល់កំណត់អំពីយុទ្ធសាស្ត្រ យន្តការ និងសកម្មភាពសំខាន់ៗក្នុងការសហការ និងកសាងភាពជាម្ចាស់ជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ចូលរួមសហការអំពីទិដ្ឋភាពទូទៅយុទ្ធសាស្ត្រ យន្តការ និងសកម្មភាពសំខាន់ៗរបស់គម្រោង ។ជាមួយនេះ ក៏បានកំណត់នូវលទ្ធផលរំពឹងទុករបស់គម្រោងទទួលបានកិច្ច សហការល្អ ជាពិសេសក្រុមសហគមន៍មូលដ្ឋាន និងអាជ្ញាធរនៅមូលដ្ឋានផងដែរ ដូចជាអាជ្ញាធរស្រុក ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋានដោយកំណត់បានផែនការអនុវត្តច្បាស់លាស់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមាន ធ្វើចំណាកស្រុកបំណងឆ្លងដែនក្នុងគោលដៅនានាធានាបានសុវត្ថិភាព។
លោកជំទាវ រ៉ន សិរីលក្ខិណា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះនឹងចាប់ផ្តើមអនុវត្តនៅខេត្តគោលដៅចំនួនពីរ គឺខេត្តកំពង់ស្ពឺ នៅស្រុក បសែត និងខេត្តព្រះសីហនុ នៅស្រុកកំពង់សីលាដែលជាតំបន់ដាច់ស្រយ៉ាលហើយមានពលរដ្ឋចំណាកស្រុកច្រើនជាងស្រុកដទៃ។
លោក ស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រចំពោះអង្គការឃែអន្តរជាតិនៅកម្ពុជា ក្នុងកិច្ចជួយសហការលើគម្រោងនេះ។លោកស្រីអភិបាលរងខេត្តព្រះសីហនុ បានស្នើសិក្ខាកាមទាំងអស់ត្រូវចូលរួមសហការអោយបានសកម្មនិងផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាជននៅតាមមូលដ្ឋានខ្លួនដើម្បីអោយពួកគាត់បានយល់ដឹងនិងសម្រេចចិត្តបានត្រឹមត្រូវចៀសវាងការធ្វើចំណាកស្រុកឆ្លងដែនដោយប្រថុយ។

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង