បើករថយន្តបត់ត្រឡប់ក្រោមមិនប្រយ័ត្ន ត្រូវម៉ូតូ និស្សិតឆ្នាំទី ៤ម្នាក់ បុកពេញទំហឹង បានបាត់បង់ជីវិត

TNM(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដដឹកដីបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវយុវជនម្នាក់ដែលជានិស្សិត​ នៃសកល​វិទ្យាល័យកសិកម្មចំការដូង​ ជិះម៉ូតូទៅរៀនជ្រុលបុកពេញទំហឹង បណ្ដាលអោយបោកក្បាលនឹងថ្នល់ខ្ទាតចូលក្រោមរថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ​ នៅ​កន្លែងលែងយ៉ាងអាណោចអធ័ម។គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើត​ឡើងកាលពីវេលាម៉ោង ០១ នឹង ២០នាទី រសៀល ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០២០​ នៅចំណុចមុខវត្តគោកអំពឹល តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។ សពជនរងគ្រោះមានឈ្មោះ ប្លុង ផាក់ ភេទ​ ប្រុស អាយុ ២២ ឆ្នាំ​ ជានិស្សិត​ ឆ្នាំទី ៤ នៅ​សកលវិទ្យាល័យកសិកម្មចំការដូង ស្នាក់នៅក្រុងតាខ្មៅ និងមានស្រុកកំណើត​ ភូមិភ្នំដី ឃុំស្លែងស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា មុនពេលកើតហេតុ គេបាន​ឃើញ​ រថយន្ដធន់ធំដឹកដី​ ពាក់ស្លាកលេខ ភ្នំពេញ 3C-5161 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិស​ដៅពីលិចទៅកើត សង្ស័យចេញពីការដ្ឋាន​ចាក់ដីនៅក្បែរនោះ​ ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ​ ។ ប្រភពដដែលបានបន្តថា លុះពេលរថយន្ដកំពុងបត់ ស្រាប់តែមានយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា ឌ្រីម​ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ ​1FR-6210 តាមបណ្ដោយផ្លូវ ៥០ ​ម៉ែត្រ ដូចគ្នា ទិសដៅពិកើតទៅលិច​ ខណៈមក​កន្លែងកើតហេតុក៏ជ្រុកទៅបុកចំកណ្ដាល​រថយន្ដ បណ្ដាលអោយដួលត្រូវ​រថយន្តកិន​បែកក្បាលស្លាប់​ ចំណែកម៉ូតូគៀបជាប់កង់រថយន្ដ អូសប្រហែល ៥០ម៉ែត្រ បន្ទាប់ពីកើត​ហេតុ​ តៃកុង​ រថយន្តបានចុះរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ ជួយសម្រួលចរាចរណ៍បានល្អ ចំណែកសពជានិស្សិតនោះ ត្រូវសាច់ញតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង