“ខេត្តព្រះសីហនុ មានគម្រោងបង្កើតតំបន់ប្រមូលផ្តុំតំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ”

TNM(ព្រះសីហនុ)៖ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងបង្កើតតំបន់ប្រមូលផ្តុំ នៃតំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្ត ទេសចរណ៍
មនុស្សពេញវ័យ នៅក្នុងទឹកដីក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងតំណាងអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ផងដែរ។

ឯកឧត្តម គួច ចំរើន
អភិបាលខេត្តព្រះសីហនុ បង្ហាញការគាំទ្រនិង
បានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ សំឡឹងមើលទីតាំងដើម្បីរៀបចំប្រមូលផ្តុំមណ្ឌលកម្សាន្តនៅតំបន់ណាមួយ និងត្រូវចុះស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដើម្បីដំណើរការគម្រោងនេះនៅពេលខាងមុខ។
ឯកឧត្តម អភិបាល យល់ឃើញថា ការប្រមូលមណ្ឌលកម្សាន្តដាក់ម្តុំ អាចនឹង
កាត់បន្ថយផលប៉ះពាល់ និងធានាបានសន្តិសុខ សុវត្ថិភាពផងដែរ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និយាយថា៖
គម្រោងប្រមូលផ្តុំមណ្ឌលកំសាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យនេះ និងមានរៀបចំហេដ្ឋារចនាសម្ពន្ធ័ទឹក ភ្លើង ផ្លូវ ប្រពន្ធ័ការពារអគ្គីភ័យ សុខាភិបាល សន្តិសុខ និងសេវាជាច្រើនទៀតដើម្បីបង្កើតទៅជាតំបន់ទេសចរណ៍ប្រកបដោយការទាក់ទាញ។
លោកប្រធានមន្ទីរទេសចរណ៍បន្តថា ពេលនេះបានមើលឃើញតំបន់អាទិភាពទី១ហើយ។ទីតាំងនោះជាដីកម្មសិទ្ធឯកជន ហើយមន្ទីរទេសចរណ៍និងអាជ្ញាធរដែនដីនឹងជជែកគ្នាជាមួយម្ចាស់ដីស្តីពីគម្រោងនេះ។
ប្រសិនជាម្ចាស់ដីទាំងនោះគាត់គាំទ្រនិងចូលរួមលើគម្រោងនេះ មន្ទីរទេសចរណ៍និងរដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តផែនការនេះទៅតាមអ្វីដែលបានគ្រោង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ចនិងជាតំបន់ឧស្សាហកម្មពិសេស គំរូពហុបំណងរបស់កម្ពុជា។
ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ខេត្តព្រះសីហនុ គឺត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមប៉ូលអាទិភាពទាំងបួន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តតំបន់ឆ្នេរសមុទ្រ, និងខេត្តភូមិភាគឦសាន និងបានប្រសិទ្ធនាម “តារារះនាទិសនិរតី”។
ឆ្លើយតបទៅនឹងចក្ខុវិស័យនេះ
បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងត្រូវបានរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ជាពិសេសដើម្បីស្តារឡើងវិញនូវប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ ទឹក ភ្លើង ផ្លូវគមនាគមន៍ បរិស្ថាន និងតំបន់ទេសចរណ៍ ដើម្បីធ្វើអោយខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែមានការទាក់ទាញពហុវិស័យ៕

ដោយ៖TNM

 

 

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង