សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន នាទីក្រុងប៉េកំាង

TNM(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៥កុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការស្តីពីទស្សនកិច្ចការងាររបស់សម្តេច ហ៊ុន សែន នៅប៉េកាំង តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសចិន។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយឯកឧត្តម លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម និងជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីទៅកាន់ទៅក្រុងប៉េកំាងនាពេលនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេច ខកខានមិនបានអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា នៅក្នុងទីក្រុងវូហាន ប្រទេសចិន ដោយសារចិន មិនអាចរៀបចំទទួលសម្តេចនៅទីនោះបាន។ សម្តេច នឹងចាកចេញពីក្រុងសេអ៊ូលទៅកាន់ទីក្រុងប៉េកំាង នារសៀលនេះ៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង