សមត្ថកិច្ចបញ្ជូនខ្លួនជនស័ង្សយ២នាក់ ទៅតុលាការ ពាក់ព័​ន្ធសំណុំរឿងឃាតកម្ម

TNM(បាត់ដំបង)៖ ជនស័ង្សយចំនួន២នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មកាលពីរយៈពេលថ្មីៗកន្លងមកនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនស័ង្សយទាំង០២នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មជិះម៉ូតូដេញកាប់មនុស្សរហូតមានស្លាប់ និងរបួសនោះ គឺឈ្មោះ ទិត រ៉ូហ្សែត ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ មឿន ធារ៉ា ហៅ អាពីរពាន់ ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកទាំងពីរនាក់រស់នៅស្រុកឯកភ្នំ)។ សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន បានកាលពីថ្ងៃទី០២កុម្ភៈ ក្រោយមានការសង្ស័យ និងយោងតាមសាក្សីផងនោះ ថាពួក គេមានជាប់ពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្ម ជិះម៉ូតូដេញកាប់បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀត រងរបួសកាលពីយប់ចុងខែមករាកន្លងមកនេះ នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ជាមួយគ្នាទៅនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងកាំបិត និងដាវជាច្រើន ដែលសង្ស័យថា ពួកគេបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសដ៏សាហាវព្រៃផ្សៃ ដែលសង្គមកំពុងស្អប់ខ្ពើម និងទប់ស្កាត់លុបបំបាត់ផងនោះ។

ក្រោយឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ មិនបានសារភាពទទួលស្គាល់ថា ពួកខ្លួនបានកាប់សម្លាប់មនុស្សទេ ប៉ុន្តែបើយោងលើការចង្អុលបង្ហាញពីសាក្សីជាច្រើនដែលសមត្ថកិច្ចជំនាញបានសាកសួរ គឺ មាន ចម្លើយ ស្ទើរ ១០០% ដែលជាប់ពាក់ព័ន្ធទៅនឹងជនសង្ស័យទាំង២នាក់ និងភ័ស្ដុតាងជាមួកសុវត្ថិភាពដែលជនសង្ស័យពាក់ជិះម៉ូតូពេលដេញកាប់ រួមនឹងម៉ូតូម៉ាកអ៊ីសិកទ័រគ្មានស្លាកលេខ និងកាំបិត ដែលប្រើប្រាស់កាប់ទៅលើជនរងគ្រោះ ផងនោះ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌បានឲ្យដឹងនៅល្ងាចម្សិលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ថា បើទោះបីជាជនសង្ស័យទាំង២នាក់នេះ មិនបានសារភាពទាំងស្រុងនូវទង្វើរបស់ពួកខ្លួន ប៉ុន្តែយោងតាមសាក្សីជាច្រើនដែលបានផ្ដល់ រួមនឹងវត្ថុតាងជាច្រើន ដែលសមត្ថកិច្ចបានរកឃើញ និងដកហូតពីជនសង្ស័យសុទ្ធតែជាប់ពាក់ព័ន្ធទាំងអស់។ ដូច្នេះ ទើបលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា បញ្ជាឲ្យធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង