ទីតាំងល្បែងមួយក្នុងព្រៃចម្ការកៅស៊ូកំពុងទទួលភ្ញៀវវៀតណាមទាំងឡានៗ

TNM(មណ្ឌលគិរី) ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងលេងល្បែងមួយកន្លែងស្ថិតក្នុងព្រៃចម្ការកៅស៊ូនៅជិតច្រកទ្វេភាគីណាំលៀរ ហៅប៉ុស្តិ៍៧ ក្នុងភូមិសាស្ត្រឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងបើកដំណើរការអស់ជាច្រើនខែមកហើយ តែគេមិនដឹងថា តើទីនោះមានច្បាប់អនុញ្ញាត ឬអត់នោះ ទេ តែឮគេនិយាយតគ្នាថា កន្លែងនោះគឺជាកាស៊ីណូ។

តាមសេចក្តីរាយការណ៍ឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ គេឃើញរថយន្តជាច្រើនគ្រឿងបានដឹកជនជាតិ វៀតណាមរាប់រយនាក់ចូលទៅលេងល្បែងនៅកាស៊ីណូដែលមិនស្គាល់ឈ្មោះនៅជាប់ពីក្រោយប៉ុស្តិ៍ ច្រកទ្វារទ្វេភាគីណាំលៀរជាហូរហែ។ មិនត្រឹមតែប៉ុណ្ណោះកាស៊ីណូនេះក៏មានបើកឲ្យជនជាតិខ្មែរចូល លេងល្បែងមាន់ជល់ អាប៉ោងទៀតផង។

ជុំវិញការបើកលេងល្បែងនៅទឹកដីស្រុកពេជ្រាដានេះ លោក ម៉ើល សឿនអភិបាលស្រុកបាននិយាយ យ៉ាងខ្លីថា ទេ… សួរគេខាងណោះទៅ ខ្ញុំមិចដឹង … វាស្ថិតក្នុងដីដែន ហើយតែវានៅប៉ុស្តិ៍ … សួរខាង ខេត្តខាងប៉ុស្តិ៍ទៅ។ មិនខុសពីអភិបាលស្រុកពេជ្រាដា លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា មានច្បាប់ត្រឹមត្រូវ គ្រាន់តែគេជួលទីតាំង។

ទោះជាយ៉ាងណាដោយសារភាពមិនប្រក្រតី នៃសកម្មភាពបើកបនល្បែងលេងលើទឹកដីខ្មែរ អ្នកយកព័ត៌មានភ្នំពេញដេលីបានសុំការបញ្ជាក់ពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយលោក បានឲ្យដឹងថា ចំពោះការស៊ីណូនៅច្រកណាំលៀរនោះ គឺគេមានច្បាប់ (ស.ជ.ណ) ពីទីស្តីការគណៈរដ្ឋមន្ត្រីឲ្យបើកលេង ហើយគេក៏ចាប់ផ្តើមសាកល្បងរយៈពេលជិតមួយខែមកហើយ ។ លោកថា តាម ព័ត៌មានចំពោះមុខគេនឹងមានគម្រោងសាងសង់សំណង់នានាមួយចំនួនទៀត៕

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង