រដ្ឋមន្ត្រីទេសចរណ៍ មជ្ឈមណ្ឌលអាស៊ាន-ចិននឹងជំរុញការផ្សព្វផ្សាយបន្ថែមពីគោលដៅទេសចរណ៍កម្ពុជា ដល់ទីផ្សារចិន

TNM(ប្រ៊ុយណេ) ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូកម្ពុជា ឆ្លៀតឱកាសនៃកិច្ចប្រជុំអាស៊ានបូកបីនៅប្រទេសប្រ៊ុយណេបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN China Center) ដែលដឹកនាំដោយលោក ឆឹង ទីហាយ (Chen Dehai) អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន។

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីបានជម្រាបប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិនថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេសចរណ៍ដ៏សំខាន់មិនអាចខ្វះបាន ព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា។

លោក ឆឹង បានជម្រាបជូនលោករដ្ឋមន្ត្រីថា មជ្ឈមណ្ឌលអាស៊ាន-ចិន បានទទួលភាពជោគជ័យប្រកបដោយផ្លែផ្កា ក្នុងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០១៩។ លោកបានបញ្ជាក់បន្ថែមថា អំឡុងពេលទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក៏បានផ្តិតយករូបភាពក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ធំ និងសៀមរាប ហើយបានធ្វើការផ្សាយវីដេអូ ជាពិសេសតាមទូរទស្សន៍ក្វាងស៊ី (Guangxi) ក្នុងប្រទេសចិន។

លើសពីនេះទៀត ដើម្បីបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាក្នុងប្រទេសចិនបន្ថែមទៀត មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំពិព័រណ៍រូបភាពគោលដៅទេសចរណ៍ និងវប្បធម៌កម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែមេសា ឆ្នាំ២០២០ ដោយមានរយៈពេល ៣-៤សប្តាហ៍។

ឆ្លៀតក្នុងឱកាសនោះ មជ្ឈមណ្ឌលអាស៊ាន-ចិនបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍នេះ និងស្នើសុំឲ្យក្រសួងជួយផ្តល់នូវរូបភាពនៃគោលដៅសក្តានុពលទេសចរណ៍នានា។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន និងសម្ដែងនូវការគាំទ្រនូវគំនិតផ្តួចផ្តើម ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ទីផ្សារចិន ដែលជាទីផ្សារដ៏មានសក្តានុពលលើសកលលោករដ្ឋមន្រ្តីសង្ឃឹមថា មជ្ឈមណ្ឌលអាស៊ាន-ចិននឹងបន្តកិច្ចសហប្រតិបត្តិការល្អនេះ ដោយជួយផ្តល់អ្នកជំនាញផ្នែកទេសចរណ៍ម្ហូបអាហារ ដើម្បីមកធ្វើជាវាគ្មិនគន្លឹះក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆមាសទី២ ឆ្នាំ២០២០ ព្រមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់ទីផ្សារចិនបន្ថែមទៀត៕

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង