Forter6-IM BOOST FORCE

ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភក្តី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ១៩៧៩-២០២០ នៅទីស្នាក់គណបក្សឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

 

(ខេត្តកំពង់ស្ពឺ)៖ នាវេលារសៀលថ្ងៃអាទិត្យ ០៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋទទួលបន្ទុកឃុំភក្តី និងឃុំកាត់ភ្លុក អមដំណើរដោយឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភក្តី បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ១៩៧៩-២០២០ រួមជាមួយនឹងអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភក្តី ដែលត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយក្នុងនោះក៏មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ។ ប្រជាពលរដ្ឋនៅទីនោះ បានចាត់ទុកថ្ងៃជ័យជម្នះ ៧មករា ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយដែលមិនអាចនឹងបំភ្លេចបាន និងជាថ្ងៃដែលប្រជាជាតិខ្មែរ បានក្រោកឈរធ្វើដំណើរទៅមុខលើមាគ៌ាមួយប្រកបដោយភាពជាម្ចាស់ការលើជោគវាសនារបស់ខ្លួន។

តាមរយៈអង្គមីទ្ទីងនេះទៀតសោត ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភក្តី បានឡើងមានប្រសាសន៍រាយការណ៍អំពីសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ មានអត្ថន័យសង្ខេបដូចខាងតទៅ៖ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃនៃជ័យជម្នះជាប្រវត្តិសាស្ត្រដ៏ធំធេង ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទទួលបរាជ័យទាំងស្រុង ហើយប្រជាជនកម្ពុជា ក៏មានជីវិតរស់រានរួចផុតពីការសម្លាប់រង្គាល និងសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ជំនួសមកវិញដោយឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន ថ្វីត្បិតតែប្រជាជនកម្ពុជា បាននឹងកំពុងតែរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍក៏ពិតមែន ក៏ប្រជាជនទាំងអស់នៅតែចងចាំអំពីអតីតកាលដ៏ឈឺចាប់ជានិច្ច ដែលបណ្តាលមកពីសង្គ្រាមប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងសម្លាប់ប្រជាជនកម្ពុជាជាង ៣ លាននាក់ ដោយលើមូលដ្ឋានជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួនប្រកបដោយសេចក្តីសុខ។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋទទួលបន្ទុកឃុំភក្តី និងឃុំកាត់ភ្លុក បានមានប្រសាសន៍ពាំនាំការសំណេះសំណាលសួរសុខទុក្ខដល់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងបានប្រសិទិ្ធនាមឲ្យជ័យជម្នះ ៧មករា ថាជាថ្ងៃកំណើតទី២ ដោយសារបើគ្មានជ័យជម្នះ ៧មករា ទេ អ្វីៗទាំងអស់ក៏មិនអាចកើតឡើងបានក្នុងថ្ងៃនេះដែរ ប្រទេសកម្ពុជា ច្បាស់ជានឹងក្លាយទៅជាផេះផង់ និងបាត់បង់ពីផែនទីពិភពលោកទៀតផង ប៉ុន្តែក្នុងនោះដោយបានគុណបុណ្យគណបក្សប្រជាជនកម្ពុជា ខិតខំតស៊ូជួយស្រោចស្រង់សង្គ្រោះប្រទេសជាតិឲ្យរួចផុតពីរបបដ៏ព្រៃផ្សៃមួយនេះ ហើយប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច និងមិនអនុញ្ញាតឲ្យកម្លាំងក្រុមប្រឆាំងមកបំផ្លាញទៅវិញបានទេ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បន្តថា ដោយសារមានការអភិវឌ្ឍន៍ជាតិកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ វាបានបណ្តាលឲ្យមានវិវាទដីធ្លីកាន់តែកើនច្រើនទៅៗ គួរឲ្យកត់សម្គាល់ ពីព្រោះតែទឹកដីកាន់តែមានតម្លៃល្អប្រសើរសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកវិនិយោគទុនបរទេសផងដែរ ដោយឡែក បើទោះបីជាទំនាស់ដីធ្លីកើតឡើងជាក់ស្តែងក៏ពិតមែន ក៏ប្រទេសកម្ពុជាមានច្បាប់សម្រាប់ការពារដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ក្នុងការរៀបចំនីតិវិធីបណ្តឹងទៅកាន់គណៈកម្មកាសុរិយោដីថ្នាក់ស្រុក ដើម្បីឲ្យមានការរកវិធានការដោះស្រាយ និងផ្តល់នូវគំនិតផ្សេងៗទាក់ទងនឹងដំណោះស្រាយដីធ្លី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ គួរតែមានការដោះស្រាយវិវាទដីធ្លីនេះដោយសន្តិវិធី ជៀសវាងការបាត់បង់ផលប្រយោជន៍រៀងៗខ្លួន។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត ក៏បានលើកសរសើរអំពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការអនុវត្តយន្តការអភិវឌ្ឍអនាគតកម្ពុជា តាមរយៈដំណើរនៃពង្សាវតារព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកជោគវាសនាតែមួយ បំណងប្រាថ្នាតែមួយ និងសក្តានុពលប្រជាជាតិ ដើម្បីរក្សាកត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងភាពជាពលរដ្ឋសកល ជាពិសេសគឺយុវជនកម្ពុជាតែម្តង។

ស្ថិតក្នុងឱកាសនោះផងដែរ តំណាងអង្គរមីទ្ទីងទាំងមូល បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសមត្ថភាពក្រោមគោលការណ៍នយោបាយដ៏រឹងមាំយូរអង្វែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យស្មើមុខស្មើមាត់ជាមួយបរទេសដោយការបេ្តជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារួបរួមពង្រឹងសាមគ្គីភាព និងឯករាជ្យភាពឲ្យមានប្រសិទ្ធភាព និងវាយតម្លៃខ្ពស់ទៅលើគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ដែលបានចូលរួមដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការលើកស្ទួយអធិបតេយ្យជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ។ ជាចុងក្រោយនេះ គណៈអធិបតី រួមជាមួយប្រជាពលរដ្ឋ បានសម្តែងការគោរពសោកស្តាយចំពោះវិញ្ញាណក្ខ័ន្ធ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ដោយសារសង្គ្រាមប្រល័យពូជសាសន៍ ក៏ដូចជាសម្តែងការដឹងគុណជូនចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះប្រជាជនកម្ពុជាពីភ្នក់ភ្លើងសង្គ្រាម៕

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង