Forter6-IM BOOST FORCE

ស្ថាប័នអប់រំនានានៅចក្រភពអង់គ្លេសនឹងដាក់បង្ហាញឱកាសសិក្សានៅកម្ពុជា

TNM(ភ្នំពេញ)៖កម្មវិធីពិរព័ណ៍ការសិក្សា និងអាហារូបករណ៍នៅចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ល្ងាច នឹងនាំមកនៅស្ថាប័នអប់រំនានាមកពីអង់គ្លេសមកកាន់សាលា ACE សាខាទួលទំពូង ទីក្រុងភ្នំពេញ ដើម្បីផ្តល់ប្រឹក្សាផ្ទាល់ និងបង្ហាញនូវជម្រើសសិក្សានានានៅចក្រភពអង់គ្លេសទៅកាន់ សិស្សនិស្សិត និងអាណាព្យាបាលក្នុងប្រទេសកម្ពុជា។ កម្មវិធីរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់ ហើយពួកគាត់នឹងមានឱកាសទទួលបានព័ត៌មានផ្ទាល់ពីតំណាងមកពីស្ថាប័នអប់រំនៅចក្រភពអង់គ្លេសចំនួន ១៤ស្ថាប័ន។

 

កម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍ នៅចក្រភពអង់គ្លេស គឺជាវេទិកាដ៏ធំមួយប្រចាំឆ្នាំ ដែលបង្ហាញនូវឱកាសសិក្សា លំដាប់ថ្នាក់ពិភពលោក នៅចក្រភពអង់គ្លេស ដែលត្រូវបានសម្របសម្រួលដោយស្ថាប័នអប់រំ IDP កម្ពុជា ដែលជាស្ថាប័ននាំមុខគេជុំវិញពិភពលោកក្នុងការផ្តល់ប្រឹក្សាពត៌មាន និងក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅប្រទេសអង់គ្លេស អូស្រា្តលី ណូវែលហ្សេឡង់ កាណាដា អាមេរិក និងអៀរឡង់។ ស្ថាប័ន IDP មានការិយាល័យច្រើនជាង ១០០ ការិយាល័យជុំវិញពិភពលោក និងនៅអង់គ្លេសផ្ទាល់ផងដែរ។ កម្មវិធីពិព័រណ៍នេះនឹងផ្តល់ព័ត៌មានអំពីជម្រើសសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៍ និងតម្រូវការទិដ្ឋាការផ្សេងៗ។ការចូលរួមពិព័រណ៍នេះ និងការផ្តល់ប្រឹក្សាទៅសិក្សានៅបរទេសរបស់ស្ថាប័ន IDP គឺមិនតម្រូវអោយបង់ប្រាក់ទេ។

 

«នេះគឺជាឱកាសដ៏ពិសេសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេស» ប្រសាសន៍របស់លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជា។ លោកបានបន្តទៀតថា «កម្មវិធីនេះគឺជាវេទិកាសម្រាប់ស្វែងយល់អំពីពត៌មានទាក់ទងនឹងតម្រូវការសម្រាប់ទៅសិក្សានៅចក្រភពអង់គ្លេស»។ ចំណាប់អារម្មណ៍ទៅលើឱកាសទៅសិក្សានៅចក្រភពអង់គ្លេសមានការកើនឡើង ដែលសបង្ហាញអោយឃើញនៅក្នុងការកើនឡើងនូវចំនួនអ្នកចូលរួម​កម្មវិធីពត៌មានពីការសិក្សា និងពិព័រណ៍ការសិក្សានៅបរទេសទាំងឡាយរបស់ស្ថាប័នអប់រំ IDP កម្ពុជា។

លោក ឈាង វ៉ាន់តាក់ ប្រធានផ្នែកទំនាក់ទំនងសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស ប្រចាំស្ថាប័ន IDP បានថ្លែងថា «យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មល្អបំផុតដល់សិស្សនិស្សិតដែលចាប់អារម្មណ៍សិក្សានៅបរទេស» ។ លោកបានបន្ថែមថា «ការតាំងពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ សិស្សនិស្សិតនិងអាណាព្យាបាលនៅកម្ពុជាដើម្បីជួបជាមួយអ្នកតំណាងមកពីជុំវិញចក្រភពអង់គ្លេស ដែលនឹងដោះស្រាយចម្ងល់ផ្សេងៗទាក់ទងនឹងជម្រើសសិក្សានៅចក្រភពអង់គ្លេស។»

ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស សម្រាប់សិស្សនិស្សិតដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំនានានៅចក្រភពអង់គ្លេស។ ក្រុមការងារមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងចូលរួម ផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ អ្នកចូលរួមកម្មវិធីទាំងអស់ក៏នឹងមានឱកាសអនុវត្តធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ (CDI) ដោយឥតគិតថ្លៃផងដែរ។ ជាមួយនឹង​ CDI សាធារណជនអាចធ្វើការជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ។

កម្មវិធីពិព៍រណ៍ការសិក្សា និងអាហារូបករណ៍នៅចក្រភពអង់គ្លេស នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅសាលា ACE សាខាទួលទំពូង ចាប់ពីម៉ោង ១០​ព្រឹក ដល់ ៤ល្ងាច។ សូមអញ្ជើញចូលរួមចុះឈ្មោះដោយសេរីតាមរយៈ expo.idpevent.org/uk ឫ 077 667 122

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង