អភិបាលខេត្ត​កំពង់ចាម ​​​៖​ ដោយ​សារ​​តែសន្តិភាព​ ទើប​មាន​គេ​មក​បើក​រោងចក្រ​នៅ​ស្រុក​យើង​​ ​

TNM(កំពង់ចាម)៖ ​លោក​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាមបាន​ថ្លែង​ថា​ ដោយ​សារ​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព​ ទើប​មាន​អ្នក​វិនិយោគទុនចូល​មក​បើក​រោងចក្រ​ បើ​ស្រុក​ទេស​មាន​សង្រ្គាម​ ​គ្មាន​អ្នកណា​គេ​ហ៊ាន​ចូលមក​ក្បែរនោះ​ទេ ជាក់ស្ដែង​វិស័យ​រោងចក្រ​កាត់ដេរ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ បាន​ផ្តល់​ឱកាស​​ឲ្យ​កម្មករ​-កម្មការិនី​ យើង​ជាង​៣ម៊ឺន​នាក់​មាន​ការងារធ្វើ មាន​ប្រាក់​ខែ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផងដែរ​។

ការ​ថ្លែង​យ៉ាង​ដូច្នេះរបស់លោកអភិបាលធ្វើឡើង​ក្នុង​ឱកាសអញ្ជើញជាអធិបតី​ប្រារព្ធ​ពិធីសម្ពោធបណ្ណាល័យ-មណ្ឌលធនធាន​ នៅរោងចក្រ មេតថេក ខេមបូឌាខប លីមីតធីត​ ស្រុក​កំពង់​សៀម​ ខេត្តកំពង់ចាម​ កាលពីព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២០​ ដែលបានរៀបចំឡើងដោយអង្គការស៊ីប៉ា​។​

ក្នុង​ឱកាស​​សំណេះសំណាល​ជាមួយ​កម្មករ​-កម្មការិនី​ ប្រមាណ​ជា​៣០០០​នាក់​ លោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​បាន​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​ ឬ​កាត់បន្ថយ​ពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មកជាទម្លាប់អានសៀវភៅវិញ​ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដើម្បីធ្វើការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ក៏ដូចជាដើម្បីបានយល់អំពីគុណតម្លៃនៃការអាន ការទស្សនា​ និងការស្រាវជ្រាវផ្សេងៗ តាមរយៈបណ្ណាល័យ-មណ្ឌលធនធាននេះជាក់ជាមិនខាន។

លោក​អភិបាលខេត្ត​​សង្កត់​ធ្ងន់ថា​ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យជាច្រើន ដើម្បី​លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី ក្នុង​នោះ​ក៏​មាន​ការផ្ដល់នូវសេវា​គាំពារ​សង្គម ការលើកម្ពស់សុខភាពមាតា និងទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ បសស និងប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ផងដែរ។ ដូច្នេះសូម​ឲ្យ​បងប្អូនស្ត្រីទាំងអស់ ជាពិសេស ស្ត្រីដែលមានផ្ទៃពោះ សូមប្រើប្រាស់សេវានេះ ឲ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និងលើកកម្ពស់អត្រាមរណៈភាពមាតា និង​ទារក​ផងដែរ​។


ជាមួយ​គ្នានោះ​ លោក​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​-កម្មការិនី​ សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ គឺត្រូវ​គោរព​ច្បាប់​ចរាចរ​ណ៍ក្នុង​ពេល​បើកបរ​ ដោយ​ឡែក​ការ​ធ្វើដំណើរ​ដោយ​ម៉ូតូ​ ក៏​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ និង​គោរព​ច្បាប់​ចរាចរ​ជាប្រចាំ​ផងដែរ​៕

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង