Forter6-IM BOOST FORCE

សាខាកាកបាទក្រហមកម្ពុជានៃខេត្តស្វាយរៀងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តបន្ត

TNM(ស្វាយរៀង) ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ មករា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២០ ក្រោមវត្តមានលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកានៃគណៈកម្មា​ ធិការសាខា លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ក្រុមប្រតិបត្តិសាខាសរុបចំនួន២៥នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ២០១៩ ក៏ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា។

មានប្រសាសន៍បើកកិច្ចប្រជុំ នាឱកាសនោះលោកប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណចំពោះលោក លោកស្រីទាំងអស់ដែលមានវត្តមានចូលរួមប្រជុំដើម្បី​បូកសរុបលទ្ធផលដែលសាខា អនុសាខាសម្រេចបានរយៈពេល១ឆ្នាំកន្លងទៅនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក ចូលរួមយ៉ាងសកម្ម នេះជាសក្ខីភាពបញ្ជាក់អំពីដំណើរការល្អកន្លងមក។

បន្ថែមលើនេះ ប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែមលើការងាររដ្ឋបាល និង ហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយគៀងគរបន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូល របស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង ៤ ឲ្យមានដំណើរការល្អស្របតាម អាណត្តិនៃការងារ៕

ដោយ៖ TNM

 

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង