ត្រៀមខ្លួនហើយឬនៅ? យុទ្ធនាការ «ដើរដោយសុវត្ថិភាព» ចាប់ផ្ដើមស្អែកនេះហើយ ចូលរួមឱ្យកុះកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

TNM ៖ យុទ្ធនាការដ៏ពិសេសដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្ពោះទៅរកការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលមានឈ្មោះថា «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមប្រព្រឹត្តិជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ស្អែកនេះហើយ ។

តើបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅ ក្នុងការចូលរួមយុទ្ធនាការដ៏ធំមួយនេះ? ការចូលរួមពីសំណាក់បងប្អូនគ្រប់មជ្ឈដ្ឋាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជួយឱ្យយុទ្ធនាការមួយនេះប្រ​ព្រឹត្តិ​ទៅយ៉ាងអធឹកអធមប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់បងប្អូនទាំងអស់គ្នា គឺជាចំណែកមួយដ៏សំខាន់ក្នុង​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹងអំពីច្បាប់ចរា​ចរណ៍​​ផ្លូ​វគោកនៅកម្ពុជា ហើយរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រកប​ដោយ​​ប្រសិទ្ធភាពខ្ពស់ ។

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ដោយមានការចូលរួមពីមហាជនមកពីគ្រប់មជ្ឈដ្ឋានជួបជុំគ្នានៅបរិវេណសួនច្បារមុខវត្តបុទមវតី ។ បន្ទាប់មកត្រូវ​ចេញដំណើរ​ឆ្ពោះទៅ​ចូលរួម​កម្មវិធី​ទិវា​អន្ដរ​ជាតិ​រំលឹក​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​លើក​ទី ១៤​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋ​មន្ដ្រី​ ​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ ​និង ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង ​ពិព័រណ៍​កោះ​ពេជ្រ​ ​ដែល​មាន​អ្នកចូលរួម​ប្រមាណ ៣០០០ នាក់ ​។​

សូមជំរាបជូនថាយុទ្ធនាការ «ដើរដោយសុវត្ថិភាព»  រៀបចំគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​អឹម​ ​អេស​ ​អេ​ ​MSA​ ​(​Marketing​ ​Solutions​ ​Asia​)​ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់​ដឹង​ ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​និង ​បង្កើន​ស្មារតី​ចូលរួម​ឱ្យ​បាន​ផុសផុល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​និង ​ពីសា​ធារ​ណ​ជន​ ​ពិសេស​យុវជន​ ​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នា​ពេល​ខាងមុខ​៕
ដោយ៖ Jimmy

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង